ភ្នំពេញ៖ សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសឲ្យរួមគ្នា ប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ ។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងវេទិកា ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ ។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា កិច្ចការងារនេះ ខ្ញុំបានធ្លាប់និយាយ នៅក្នុងវេទិកាសាធារណៈ ជាច្រើនលើកមកហើយ ។ រឿងនេះ មិនមែនជារឿងធម្មតានោះទេ ពីព្រោះលុយខ្មៅនេះ គេអាចយកទៅប្រព្រឹត្តបទល្មើសផ្សេងៗបាន ដូចជាទិញអាវុធយុទ្ធភណ្ឌ ដើម្បីធ្វើអំពើភេរវកម្ម។ ហើយឥឡូវនេះ គេថាកម្ពុជាជាប្រទេសដែលគេឃ្លាំមើល គឺជាប្រទេសប្រផេះ អំពីការលាងលុយ។ បើសិនវាចូលទៅខ្មៅ វានឹងបំផ្លាញកិត្តិយសមុខមាត់កម្ពុជា និងប្រព័ន្ធធនាគារ រួមជាមួយនឹងរចនាសម្ព័ន្ធធនាគាររដ្ឋនិងឯកជន គឺវាទៅតែទាំងអស់ហ្នឹង គឺមើលឃើញថា វាមានហានិភ័យខ្ពស់ណាស់។ អញ្ចឹងយើងមិនត្រូវមើលស្រាលនោះទេ ដូច្នេះច្បាប់នានា ដែលមានការពាក់ព័ន្ធ ត្រូវយកមកអនុវត្តន៍។
ចំណែកនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងនគរបាលនៃអគ្គស្នងការនគរបាលជាតិ ក៏បានធ្វើនេះរួចមកហើយ ។
សម្តេចក្រឡាហោម បានមានប្រសាសន៍ថា ក្នុងជំហានដំបូង យើងគ្រាន់តែរឹបអូសយកមកទុក ដោយមិនមែនទាន់វិនិច្ឆ័យជាក់លាក់ ថាអាហ្នឹងវាខ្មៅឬសនោះទេ ក៏ប៉ុន្តែយើងចាំបាច់ ត្រូវរកឯកសារឲ្យច្បាស់លាស់ ដើម្បីយកមកបញ្ជាក់ ប៉ុន្តែជាជំហានដំបូង មិនទាន់រកឃើញឯកសារចាំបាច់ ត្រូវតែរឹបអូសយកមកទុកនៅក្នុងធនាគារសិន ប៉ុន្តែនៅពេលដែលយើងរកឃើញឯកសារ ឃើញថាវាខ្មៅ គឺយើងត្រូវអនុវត្តន៍តាមច្បាប់ ស្ដីពីការសម្អាតប្រាក់ឲ្យបានត្រឹមត្រូវ ហើយបើសិនថាយើងរកឃើញថាវាមិនខ្មៅទេ ក៏យើងត្រូវអនុវត្តន៍តាមច្បាប់ជាធរមាន ប្រគល់ឲ្យម្ចាស់ដើមគេវិញ ដើម្បីគេយកទៅប្រើប្រាស់តាមផ្លូវត្រឹមត្រូវ៕ដោយ៖កូឡាប