ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននិងកំពុងពង្រីកការដាក់ពង្រាយមន្រ្តីវ័យក្មេងឲ្យទៅបំពេញការងារនៅតាមមូលដ្ឋាន ដើម្បីមានឱកាសបានបំពេញការងារផង និងរៀនសូត្រដកស្រង់យកបទពិសោធន៍ផង ពិសេសអំពីជីវភាពរស់នៅរបស់ពលរដ្ឋតាមមូលដ្ឋាន ដែលនេះជាកត្តាសំខាន់បំផុតសម្រាប់អនាគតរបស់មន្រ្តីដែលត្រូវបន្តវេន និងជាគ្រឹះសម្រាប់អភិវឌ្ឍន៍សង្គមជាតិផងដែរ។
សម្តេចក្រឡាហោម បានលើកឡើងបែបនេះ នៅល្ងាចថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំយុវជនខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា សម្តេចពិតជារំភើបរីករាយដែលបានឃើញក្រុមការងារយុវជនទាំងបីខេត្ត បានរួមសាមគ្គីគ្នាបង្កើតកម្មវិធីអាហារសាមគ្គីនេះឡើង ដើម្បីបានជួបពិភាក្សាគ្នា និងចែករំលែកបទពិសោធន៍ ពីគ្នាទៅវិញទៅមក។ សម្ដេចបានកោតសរសើរក្រុមការងារយុវជនទាំង៣ខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទី និងភារកិច្ចរៀងៗខ្លួន រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចបេសកកម្មជាប្រវត្តិសាស្រ្ត គឺការថែរក្សាសេចក្ដីសុខ សន្តិភាព និងការធានាជីវភាពរស់នៅល្អប្រសើរបស់ពលរដ្ឋ។
សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីស្ថានការណ៍អន្តរជាតិ ដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា សភាពការណ៍ក្នុងប្រទេស ទាំងការរីកចម្រើន និងការដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងការងារអាទិភាព ដែលបានកំណត់ក្នុងគោលដៅត្រូវអនុវត្តន៍បន្តផងដែរ។ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំឲ្យក្រុមការងារយុវជនទាំងអស់ ត្រូវបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង ខិតខំបំពេញការងារទៅតាមតួនាទី ពិសេសការងារជួយសង្គ្រោះប្រជាពលរដ្ឋ និងកិច្ចការសង្គមជាច្រើនទៀត ដោយប្រកាន់អត្តចរឹតល្អ សេចក្ដីថ្លៃថ្នូរ និងភាពជាគំរូនៅក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ៕ដោយ៖កូឡាប