យ៉ាងតិចយន្តហោះរុស្ស៊ី ៧គ្រឿង ត្រូវបានខូចខាត ព្រោះត្រូវគ្រាប់ផ្លោងរបស់ទ័ពបះបោរ នៅមូលដ្ឋាន Hmeymim កាលពីថ្ងៃទី ៣១/១២។
ប្រភពព័ត៌មានខាងលើ ទើបត្រូវបានកាសែតរុស្ស៊ី Kommersant ទម្លាយចេញនៅថ្ងៃទី ៣/១ ដោយដកស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់២រូប។
តាម Kommersant នេះជាការខាតបង់ធំបំផុតរបស់រស្ស៊ី អំពីយោធភ័ណ្ឌ ចាប់តាំងពីប្រទេសនេះ អនុវត្តយុទ្ធនាការវាយប្រហារពីដែនអាកាសនៅស៊ីរី តាំងពីរដូវស្លឹកឈើជ្រុះ ឆ្នាំ ២០១៥។
កាសែតនេះឲ្យដឹងទៀតថា មានទាហានជាង១០នាក់ ស្លាប់ និងរងរបួសក្នុងការវាយប្រហារពី “ពួកអ៊ីស្លាមនិយមជ្រុល”។
Kommersant បានដកស្រង់ប្រភព២ “ការទូត-យោធា” ដែលលើកជាក់ស្តែងថា ៖ យ៉ាងតិចយន្តហោះទម្លាក់គ្រាប់ Su-24 ៤គ្រឿង យន្តហោះប្រយុទ្ធទំនើប Su-35S ២គ្រឿង ព្រមទាំងឃ្លាំងគ្រាប់បានត្រូវកម្ទេចដោយសមរភូមិគ្រាប់ផ្លោង។
រីឯក្រសួងការពារជាតិរុស្ស៊ី ពុំទាន់ឃើញមានថ្លែងការណ៍អ្វីទេ។
មុននេះ នៅថ្ងៃទី ៣/១ ក្រសួងនេះបានប្រកាសថា មានយន្តហោះ ឧទ្ធម្ភាចក្រ Mi-24 ១គ្រឿងបានជួបគ្រោះថ្នាក់ នៅថ្ងៃទី ៣១/១២ ដោយមូលហេតុបច្ចេកទេស ហើយអ្នកបើកបរ ២រូបបានស្លាប់!៕