ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានស្នើឱ្យសមាគមពាណិជ្ជកម្មពិភពលោក ហាកកា ធ្វើការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ពិសេសវិនិយោគលើការ ស្ថាបនាផ្ទះសម្បែងជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋក្រីក្រដោយធ្វើការបង់រំលោះ ក្នុងទឹកប្រាក់កម្រិតទាបមួយ ដែលអាចឲ្យពួកគាត់បង់រំលស់បាន។
ការស្នើឡើងបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមពាណិជ្ជកម្មពិភពលោក ហាកកា (Hakka) នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានរៀបរាប់អំពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ និងបានស្នើឱ្យសមាគមពាណិជ្ជកម្មពិភពលោក ហាកកា ធ្វើការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ពិសេសវិនិយោគលើការ ស្ថាបនាផ្ទះសម្បែងជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋក្រីក្រដោយធ្វើការបង់រំលស់ក្នុងទឹកប្រាក់កម្រិតទាប។
លោកបញ្ជាក់ថា បើសិនជា សមាគមពាណិជ្ជកម្មពិភពលោកហាកកាឯកភាព ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ នឹងសុំគោលការទៅរាជរដ្ឋាភិបាល ដើម្បីកុំឲ្យមានការបង់ព័ន្ធចូលរដ្ឋ លើការនាំចូលគ្រឿងសំណង់ មកធ្វើការសាងសង់ផ្ទះនេះ ហើយចំពោះទីតាំងដែលគ្រោងនឹងសាងសង់ផ្ទះសម្បែងនេះ អាចនឹងនៅក្រៅក្រុងប្រមាណ៥០ទៅ៦០គីឡូម៉ែត្រ ។ប៉ុន្តែបើគម្រោងនេះចេញជាផ្លែផ្កានោះ រដ្ឋបាលរាជធានីភ្នំពេញនឹងស្ថាបនាផ្លូវធំ ថ្មីតភ្ជាប់ពីតំបន់នោះចូលមករាជធានីភ្នំពេញ ដែលអាចធ្វើដំណើរត្រឹម៤៥នាទីទៅ១ម៉ោងមកដល់ក្រុងភ្នំពេញបាន ជាមួយនឹងការដឹកជញ្ជូនតាមរយៈរថយន្តក្រុងផងដែរ។
លោក លី កាំជុង (Mr. Li Kam Chung) ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមពាណិជ្ជកម្មពិភពលោកហាកកា បានមានប្រសាសន៍លើកឡើង ដើម្បី ស្នើសុំរដ្ឋបាលរាជធានីភ្នំពេញជួយគាំទ្រ ក៏ដូចជាផ្តល់ឱកាសវិនិយោគនៅក្នុងរាជធានីភ្នំពេញ ដោយលោកបញ្ជាក់ថា សមាគមពាណិជ្ជកម្មពិភពលោកហាកកា មានកូនចៅរហូតដល់១០លាននាក់ ដើម្បីរកស៊ីនៅទូទាំងពិភពលោក។ សម្រាប់ប្រទេសកម្ពុជាលោកមានចំណាប់អារម្មណ៍ និងបានដាក់ចេញជាគម្រោងចំនួន៨ ដើម្បីរកស៊ី ក្នុងនោះគម្រោងទី១ គឺការនាំសាច់គោចូលមកទីផ្សារកម្ពុជា ដែលគម្រោងនេះបានដំណើរការហើយ នៅសល់៧គម្រោងទៀត សមាគមបាននិងកំពុងសិក្សា ដោយផ្តោតទៅលើការបណ្តាក់ទុនរកស៊ីលើអចលនទ្រព្យ កំពង់ផែ ទីសត្តឃាត ចិញ្ចឹមសត្វជាដើម។ ក្រៅពីនេះសមាគម មានគម្រោងធ្វើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋក្រីក្រផងដែរ។
គួរបញ្ជាក់ផងដែរថា គម្រោងវិនិយោគលើវិស័យអចលនទ្រព្យពិសេស លើការស្ថាបនាផ្ទះជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋក្រីក្រ ដោយបង់រំលស់ក្នុងកម្រិតទឹកប្រាក់ទាបនេះ រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមពាណិជ្ជកម្មពិភពលោកហាកកា នឹងធ្វើការពិភាក្សាលម្អិតបន្ថែមទៀត៕ដោយ៖កូឡាប