ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមលើកគម្រោងបង្កើតកញ្ចប់ទេសចរណ៍ថ្មើរជើងថ្មីមួយកន្លែង ក្នុងរាជធានីភ្នំពេញស្របតាមដងទន្លេសាប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
អាជ្ញាធររាជធានីភ្នំពេញសម្រេចបង្កើតក្រុមការងារពិសេសមួយ ដើម្បីចុះសិក្សាពីបញ្ហាផ្សេងៗ ជុំវិញគម្រោងបង្កើតផ្លូវថ្មើរជើង ដែលចេញពីមុខប្រៃសណីយ៍កម្ពុជា ឆ្ពោះទៅតំបន់មុខព្រះបរមរាជវាំង នៅពេលឆាប់ៗនេះ ដែលឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស របស់សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបង្កើតផ្លូវថ្មើរជើងនេះ នឹងក្លាយជាកញ្ចប់ទេសចរណ៍ថ្មី សម្រាប់រាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យដើរស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ និងទស្សនាទេសភាពទន្លេ៤មុខ ដ៏ស្រស់ត្រកាលដោយគ្មានប្រទេសណាមានដូច។ លោកអភិបាល បានណែនាំដល់ក្រុមការងារឲ្យសិក្សាពីពេលវេលា ប្រព័ន្ធបញ្ចៀសចរាចរណ៍ និងកន្លែងចំណតយានយន្តឲ្យបានត្រឹមត្រូវ ដើម្បីឲ្យកញ្ចប់សេវាទេសចរណ៍ថ្មីនេះ បានដំណើរការដោយរលូន គ្មានការរំខានដល់ប្រជាពលរដ្ឋ។
កន្លងមកនេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា កញ្ចប់ទេសចរណ៍ផ្លូវថ្មើរជើងនេះ អាចបង្កើត ឡើងក្នុងមួយសប្តាហ៍ចំនួន៣ថ្ងៃ គឺថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយមិនអនុញ្ញាតឲ្យមានយាន្តជំនិះផ្សេងៗ ឆ្លងកាត់ឡើយ គឺសម្រាប់តែថ្មើរជើងតែប៉ុណ្ណេះ។ លោកបញ្ជាក់ថា រាជរដ្ឋាភិបាលចង់បង្កើតផ្លូវថ្មើរជើងនេះ ដើម្បីបង្អួតភ្ញៀវទេសចរពីចំណុចពិសេសនៃ រាជធានីភ្នំពេញគឺមានទេសភាពនៃចំណុចប្រសព្វទន្លេ៤ ដ៏ស្រស់ស្អាត ដែលទីទាក់ទាញដ៏ខ្លាំង។
សូមបញ្ជាក់ថា គម្រោងបង្កើតកញ្ចប់ទេសចរណ៍ថ្មើរជើងនេះ នឹងធ្វើឡើង ក្រោមកិច្ចសហការរវាងរដ្ឋបាលសាលារាជធានីភ្នំពេញ និងក្រសួងទេសចរណ៍ ក្រោមការចង្អុលបង្ហាញពីលោកឧបនាយករដ្ឋមន្រី្ត អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ ដោយ៖កូឡាប