ភ្នំពេញ៖ លោកហ៊ុន ម៉ានី បានថ្លែងថា សូមអបអរសាទរដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងការប្រកួតជាមួយ ក្រុមកីឡាបាល់ទាត់ហុងកុងនាល្ងាចនេះ ដែលបានបង្ហាញពីការរីកចម្រើនទាំងស្មារតី និងបច្ចេកទេសក្នុងការការពារគ្រាប់បាល់ និងផ្តល់ទំនុកចិត្តយ៉ាងខ្ពស់សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។
លោកបានបន្តថា ការប្រកួតថ្ងៃនេះបានបង្ហាញយ៉ាងច្បាស់ពីការរីកចម្រើន របស់កម្ពុជាលើវិស័យកីឡាបាល់ទាត់ ហើយបានសបញ្ជាក់ពីភាពស្មើមុខស្មើមាត់ ទាំងចំណេះ ជំនាញ និងសមត្ថភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។
ការប្រកួតបាល់ទាត់ជម្រុះជើងឯកពិភពលោកជុំទី២ដែលលេងនៅលើទឹកដីកម្ពុជានោះក្រុមកម្ពុជាលេងស្មើជាមួយក្រុមហុងកុង១ទល់១។
ហុងកុងបានទាត់ចូលក្រុមកម្ពុជាមួយគ្រាប់មុនដែលធ្វើបានសម្រេចដោយកីឡាករលេខ១៦Tan Chun Lok។មកដល់នាទី៣៤ ក្រុមកម្ពុជាយកស្មើបានវិញដោយកីឡាករលេខ១៤កែវ សុខផេង ។លទ្ធផលនេះបានរក្សាទុករហូតដល់ចប់ការប្រកួតដោយហុងកុងបាន១ពិន្ទុក្នុងដៃឯកម្ពុជាក៏បាន១ពិន្ទុក្នុងដៃដែរ ។
លោក Filex G. Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុ បានបញ្ជាក់ថា លោកមិនពេញចិត្តនឹងលទ្ធផលនេះទេ តែលោកក៏មិនខកចិត្តដែរ» ក្រោយស្មើជាមួយហុងកុង។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Filex G.Dalmas បានលើកឡើងថា «សម្រាប់មតិរបស់ខ្ញុំ ពួកយើងមិនពេញចិត្តនឹងលទ្ធផលនេះទេ តែក៏មិនខកចិត្តដែរ ពួកយើងបានធ្វើការងារជាមួយកីឡាកររយៈពេល ១ឆ្នាំមកហើយ។ ប៉ុន្ដែនេះត្រឹមជាមូលដ្ឋានគ្រឹះប៉ុណ្ណោះ។ ខ្ញុំគិតថា ប្រជាជនកម្ពុជា គួរតែសប្បាយចិត្ត សម្រាប់អ្វីដែលកីឡាកររបស់យើងបានធ្វើនៅលើទីលានថ្ងៃនេះ។ យើងមិនចង់ធ្វើជាក្រុមមួយ ដែលតូច ឬខ្សោយ ទៅលេងជាមួយក្រុមមួយខ្លាំងនោះទេ។ អ្វីដែលខ្ញុំនិយាយ… ព្រោះកីឡាករយើងមានភាពក្លាហាននិងហ៊ានលេងគ្រប់កាលៈទេសៈ ទាំងនេះគឺជាអ្វីដែលអ្នកគាំទ្រ។»
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដដែលរូបនេះបានបន្តទៀតថា៖«នេះគឺជាមូលដ្ឋានគ្រឹះរបស់កីឡាករកម្ពុជារបស់យើងទោះប៉ះក្រុមណាក៏ដោយហើយនៅតែរក្សាទម្រង់លេងបែបនេះដដែល។ ទោះបីជាយើងត្រូវគេនាំមុខ ១ទល់០ ក៏ដោយ តែយើងព្យាយាមលេង និងរក្សាបាល់ រហូតយើងធ្វើបានសម្រេចមកវិញ ទោះបីវាជួបការលំបាកក្នុងបាល់ទាត់ក្ដី។»
លោកបានបន្ថែមចុងក្រោយថា៖«ការលេងថ្ងៃនេះមិនមែនជាគុណសម្បត្តិតែកីឡាករលេងលើទីលាននោះទេ គឺផ្ដើមចេញពីកីឡាករ ៣៥នាក់ដែលបានចាប់ផ្ដើមការហ្វឹកហាត់ពីថ្ងៃដំបូង។ និយាយរួម គឺបាល់ទាត់ គឺត្រូវការបែបនេះ ដោយកីឡាករត្រូវធ្វើការជាក្រុម និងសហការគ្នាជានិច្ច។»
ដោយឡែកលោកMika MattiPaate lainenគ្រូបង្វឹកក្រុមជម្រើសកោះហុងកុងបានលើកឡើងក្នុងសន្និសីទសារព័ត៌មានថាលោកមើលឃើញពីការអភិវឌ្ឍន៍របស់ក្រុមជម្រើសជាតិកម្ពុជា ពោលគឺមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងការប្រកួតកន្លងមក។
លោកបានលើកឡើងថា៖«កម្ពុជាគឺជាក្រុមដែលមានកីឡាករមានល្បឿនលឿនដែលបង្កបញ្ហាដល់ក្រុមខ្ញុំតែយ៉ាងណាខ្ញុំក៏សប្បាយចិត្តនឹងការខំប្រឹងរបស់កីឡាករយើងដែលបានព្យាយាមប្រយុទ្ធរហូតចប់ការប្រកួត ៩០នាទី ហើយយ៉ាងហោចណាស់ក៏យើងរកបានគ្រាប់បាល់ និងទទួលបាន ១ពិន្ទុក្នុងដៃដែរ ប៉ុន្តែលទ្ធផលនេះខ្ញុំមិនពេញចិត្តនោះទេ ព្រោះខ្ញុំមកទីនេះ ដើម្បីទទួលបាន ៣ពិន្ទុ តែយើងដឹងថាវាមិនងាយស្រួលនោះទេសម្រាប់ការប្រកួតក្រៅដី។»
គ្រូបង្វឹកជនជាតិហ្វាំងឡង់រូបនេះបានបន្ថែមថា«កម្ពុជាគឺជាក្រុមមួយដែលមានការអភិវឌ្ឍន៍ និងរីកចម្រើនលឿនខ្លាំងមែនទែន ដែលធ្វើឲ្យការប្រកួតនេះមានភាពទាក់ទាញកាន់តែខ្លាំង ហើយក្រុមកម្ពុជា មានផែនការច្បាស់លាស់ មានទស្សនៈ និងចក្ខុវិស័យច្បាស់លាស់ វាពិតជាការប្រកួតក្នុងដីដ៏អស្ចារ្យមួយសម្រាប់កម្ពុជា ព្រោះជាការប្រកួតមុខអ្នកគាំទ្ររបស់ខ្លួន ហើយវាពិតជាមិនងាយស្រួលនោះទេសម្រាប់ក្រុមយើងហើយយើងនឹងព្យាយាមកែប្រែឲ្យបានល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។»
សូមបញ្ជាក់ថា កម្ពុជា នឹងមានការប្រកួតមួយប្រកួតទៀតនៅក្នុងពូល C នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ជាមួយជម្រើសជាតិបារ៉ែន ដែលជាការប្រកួតទី២ ប្រចាំពូលនេះ ខណៈពេលនេះផងដែរ កម្ពុជា កាន់១ពិន្ទុក្នុងដៃ៕ ដោយ៖កូឡាប