គិលានុប្បដ្ឋាយិកាមួយក្រុម នៅអារ៉ាប់ប៊ីសាអូឌីត បានរងទណ្ឌកម្មយ៉ាងសក្តិសម បន្ទាប់ពីពួកគេយកទារកទើបកើតម្នាក់មកធ្វើជាល្បែងកម្សាន្ត បន្ទាប់មកបង្ហោះឡើងបណ្តាញសង្គម។
តាម Daily Mail ក្រុមគិលានុប្បដ្ឋាយិកានេះ បានថតរួចបង្ហោះឡើងបណ្តាញសង្គម នូវឃ្លីបមួយដែលពួកគេបានយកទារកទើបកើតម្នាក់ រួចធ្វើការឈ្លីច្របាច់មុខ ហើយនាំគ្នាសើចសប្បាយ។
ឪពុករបស់ទារកនេះបានប្រាប់ប្រព័ន្ធព័ត៌មានអារ៉ាប៊ីសាអូឌីតថា ៖ កូនរបស់លោកត្រូវសម្រាកនៅមន្ទីរពេទ្យរយៈពេល១០ថ្ងៃ ដើម្បីព្យាបាលការរលាកផ្លូវមូត្រ។ លោកពិតជាតក់ស្លុតយ៉ាងខ្លាំង ក្រោយពេលបានមើលឃើញឃ្លីបដែលគេនាំគ្នាចែករំលែកយ៉ាងទូលំទូលាយលើបណ្តាញសង្គម។
អ្នកទស្សនាម្នាក់បានបង្ហាញនូវភាពតក់ស្លុតចំពោះទង្វើរបស់គិលានុប្បដ្ឋាយិកា គាត់សរសេរថា ៖ ហេតុអ្វីបានជាពួកគេហ៊ានធ្វើរឿងបែបនេះ។ ស្ត្រីជាមាតាម្នាក់ទៀតបានផ្ទុះកំហឹងសរសេរថា ៖ ព្រះអើយ! គិលានុបដ្ឋាយិកាដល់ទៅ៣នាក់ សំណាងណាស់ខ្ញុំមិនមែនជាម្តាយរបស់ទារកនេះ ពុំនោះសោតខ្ញុំនឹងហែកមុខពួកវាឲ្យខ្ទេច។
ក្រោយពេលហេតុការណ៍ត្រូវបានបកអាក្រាតក្រុមគិលានុប្បដ្ឋាយិកា៣រូបនេះ ត្រូវបញ្ឈប់ពីការងារភ្លាម សញ្ញាបត្ររបស់ពួកគេក៏ត្រូវបានរឹបអូសឡើង ព្រមទាំងត្រូវហាមឃាត់មិនឲ្យប្រកបរបរនេះអស់មួយជីវិត៕ ចន្ទ្រា