ខេត្តស្វាយរៀងៈ រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានរៀបចំកិច្ចប្រជុំបូកសរុប ការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល២០១៦ – ២០១៩ និងពិធីចុះហត្ថលេខាលើខ្លឹមសារបំពេញបន្ថែមនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង និងគណៈកម្មាធិការប្រជាជនខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ( នៅសាលប្រជុំសាលាខេត្តស្វាយរៀង ) ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក ជិន វ៉ាន់កិន ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមានការអញ្ជើញចូលរួមពីអស់លោក លោកស្រី ជាថ្នាក់ដឹកនាំប្រតិភូខេត្តស្វាយរៀង និង លោក លោកស្រីថ្នាក់ដឹកនាំប្រតិភូខេត្តឡុងអានជាច្រើនរូបទៀត។
មានប្រសាសន៍ក្នុងឱកាសនេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចាត់ទុកកិច្ចប្រជុំបូកសរុបការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល ២០១៦-២០១៩ ពិតជាបានទទួលនូវលទ្ធផលល្អៗជាច្រើនដូចជា ជួយបង្កើននូវការពង្រឹងកិច្ចសហប្រតិបត្តិការកាន់រឹងមាំ និងល្អប្រសើរលើមូលដ្ឋានសមិទ្ធផលដែលខេត្ដទាំងពីរ (ស្វាយរៀង-ឡុងអាន) ក្នុងនោះបានរួមគ្នាសម្រេចបាន ជាពិសេសលើបណ្ដាវិស័យនានាដែលមានចែងក្នុងកិច្ចព្រមព្រៀង ដើម្បីជួយសម្រួល និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនខេត្តទាំងពីរ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច និងការសម្រេចបាននូវចក្ខុវិស័យ នៃការប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់ដែលមានការអភិវឌ្ឍ និងប្រកបដោយសន្តិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ ភាតរភាព និងចីរភាព ស្របតាមស្មារតី នៃកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ៕ ដោយ៖វ៉ៃកូ