ភ្នំពេញ៖ ក្រសួងបរិស្ថានបានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រង និងប្រើប្រាស់អាវុធនៅតំបន់ការពារធម្មជាតិ
ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងបរិស្ថានដោយស្របតាមច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ និងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា សេចក្តីណែនាំនេះ ធ្វើឡើងដើម្បីគ្រប់គ្រងឱ្យបានល្អនូវការប្រើប្រាស់អាវុធ ក៏ដូចជាការគ្រប់គ្រងគ្រាប់រំសេវ នៅតាមតំបន់ការពារធម្មជាតិ ឱ្យបានល្អស្របតាមច្បាប់ដែលមានជាធរមាន។ លោកបានថ្លែងថាសេចក្តីណែនាំនេះ ធ្វើឡើងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិដើម្បីឱ្យមានការគ្រប់គ្រងច្បាស់លាស់ លើអាវុធគ្រាប់រំសេវទាំងនោះ ហើយសេចក្តីណែនាំនេះត្រូវបានបញ្ជូន ដល់មន្ត្រីពាក់ព័ន្ធដូចជាប្រធានមន្ទីរបរិស្ថាន នាយកដែនជម្រកសត្វ នាយកឧទ្យាជាតិទាំងអស់ និងបានណែនាំត្រូវតែអនុវត្តន៍ឱ្យបានល្អ។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ដើម្បីគ្រប់គ្រងអាវុធគ្រាប់
រំសេវតាមតំបន់ការពារធម្មជាតិស្របតាមច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ និងក្រមព្រហ្មទណ្ឌឱ្យមានប្រសិទ្ធភាព ក្រសួងបរិស្ថានបានធ្វើការណែនាំ និងដាក់ចេញនូវបទបញ្ជាដូចជា ត្រូវរៀបចំឃ្លាំងនិងមានធ្នើរដាក់អាវុធ នៅទីតាំងដែលមានសុវត្ថិភាព និងឱ្យបានត្រឹមត្រូវ អាចប្រើប្រាស់អាវុធបានតែក្នុងពេលចុះបំពេញបេសកកម្មល្បាត ទប់ស្កាត់ បង្ក្រាបបទល្មើស ធនធានធម្មជាតុគ្រប់រូបភាព ក្នុងតំបន់ការពារធម្មជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម និងប័ណ្ណសម្គាល់អាវុធឱ្យបានត្រឹមត្រូវ ក្នុងបេសកកម្ម ហាមដាច់ខាតការបាញ់បោះ លើកលែងតែក្នុងករណីពិសេស ដែលត្រូវការពារខ្លួនពីគ្រោះថ្នាក់ចំពោះមុខ ហើយករណីបាត់បង់ ត្រូវរាយការណ៍ និងធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ។
តាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យ បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងតែគ្រប់គ្រង តំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែងមានទំហំប្រមាណ ៧ ២៤៩ ០២៤ ហិកតាដែលក្នុងនោះមានឧទ្យានជាតិចំនួន ១២ កន្លែង ដែនជម្រកសត្វព្រៃចំនួន ២០ កន្លែង តំបន់ការពារទេសភាពចំនួន ១២ កន្លែង តំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន ៨ កន្លែង តំបន់រ៉ាមសារចំនួន ៥ កន្លែង តំបន់បេតិកភណ្ឌធម្មជាតិចំនួន ២ កន្លែង និងរបៀងអភិរក្សជីវសាស្ត្រចម្រុះចំនួន ៣ កន្លែង។ ក្នុងការការពារនិងអភរិក្សតំបន់ការពារធម្មជាតិទាំងនេះ ក្រសួងបរិស្ថានមានមន្ត្រីឧទ្យានុរក្សចំនួន ១២២០ នាក់ដែលកំពុងឈរជើងការពារយ៉ាង ហ្មត់ចត់នូវធនធានធម្មជាតិ នៅក្នុងតំបន់ទាំងនោះ។ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ប្រធានមន្ទីរបរិស្ថាន និងជាប្រធានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិរាជធានី ខេត្ត ដែលបានទទួលអាវុធ ត្រូវស្នើសុំគ្រូបង្វឹកជាយោធាចារ្យនៅតាមបណ្តាភូមិភាគ ដើម្បីហ្វឹកហ្វឺនបណ្តុះបណ្តាលដល់ប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត និងមន្ត្រីឧទ្យានុរក្ស ក្នុងការប្រើប្រាស់ ថែទាំ និងគ្រប់គ្រងអាវុធប្រភេទ CKC ដែលទទួលបាននោះ។
ជាមួយគ្នានេះដែរ ក្រសួងបរិស្ថានក៏បានចេញសេចក្តីណែនាំមួយផ្សេងទៀត ទាក់ទងនឹងការប្រើប្រាស់ឯកសណ្ឋាន សញ្ញាសក្តិ មួក និងសញ្ញសម្គាល់សម្រាប់មន្ត្រីឧទ្យានុរក្ស ដែលកំពុងប្រចាំការនៅតាម តំបន់ការពារធម្មជាតិនានា ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព ការប្រើប្រាស់ឯកសណ្ឋានស្របតាម លិខិតបទដ្ឋានច្បាប់។
ខាងក្រោមនេះជាសេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ឯកសណ្ឋាន សញ្ញាសក្តិ មួក និងសញ្ញសម្គាល់សម្រាប់មន្ត្រីឧទ្យានុរក្ស ដែលកំពុងប្រចាំការនៅតាម តំបន់ការពារធម្មជាតិ និងសេចក្តីណែនាំស្តីពីការគ្រប់គ្រង និងប្រើប្រាស់អាវុធ នៅតំបន់ការពារធម្មជាតិ៕ដោយ៖កូឡាប