ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញលិខិតមួយច្បាប់ ជម្រាបមកលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សំណើចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតលើឈ្មោះ សម រង្ស៊ី ចំពោះករណីប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្តាអង្គព្រះមហាក្សត្រ
ចំណែកក្រសួងព្រះបរមរាជវាំងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការប្រមាថដល់អង្គព្រះមហាក្សត្រ ជីវិតតម្កល់លើត្បូង។
ក្រសួងយុត្តិធម៌ បានប្រកាសថា “យោងតាមមាត្រា ២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឲ្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតលើឈ្មោះ សម រង្ស៊ី ចំពោះអំពើប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់ព្រះចេស្តាអង្គព្រះមហាក្សត្រនៃយើង!”។
ក្រសួងយុត្តិធម៌ បានជម្រាបជូនទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ថា ឈ្មោះសម រង្ស៊ី បានផ្តល់កិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី និងត្រូវបានផ្សព្វផ្សាយជាសាធារណ នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើអង្គព្រះមហាក្សត្រ ជាថ្មីម្តងទៀត ដោយបានវាយប្រហារថា “….ព្រះមហាក្សត្ររបស់យើង គឺជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដូច្នេះលោកអត់ហ៊ានធ្វើអីទេ លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ង្កលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើរទៅ យើងមិនអាចរំពឹងព្រះមហាក្សត្រដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូចសព្វថ្ងៃទេបាទ”។
លិខិតរបស់ក្រសួងយុត្តិធម៌ ដែលត្រូវបានចុះហត្ថលេខាដោយលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបរាប់បញ្ជាក់ថា៖ ពាក្យសម្តីរបស់ឈ្មោះ សម រង្ស៊ី ដែលបានផ្សព្វផ្សាយជាសាធារណៈនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រជារាស្រ្តខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជាគោរពស្រឡាញ់ស្មើជីវិត”។ “ការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្តាអង្គព្រះមហាក្សត្រខាងលើនេះ គឺជាទង្វើរំលោភបំពាន លើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយទង្វើនេះត្រូវបានកំណត់ជា បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ” ។
យោងតាមមាត្រា ២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌សូម លោកព្ររាជអាជ្ញា ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងដោយតឹងរ៉ឹងបំផុតចំពោះអំពើប្រមាថចំពោះអង្គព្រះមហាក្សត្រខាងលើ ដោយអនុវត្តន៍ស្របតាមនីតិវិធីជាធរមាន។
ចំណែកសេចក្តីថ្លែងការណ៍របស់ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថា៖ ក្រសួងព្រះបរមរាជវាំង សូមប្រកាសដាច់អហង្កាថ្កោលទោសចំពោះលោក សម រង្សី ដែលមានចរិតជាជនក្បត់ជាតិ តែងតែពោលពាក្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ កំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។
ព្រះបរមរាជវាំងបានបញ្ជាក់ទៀតថា៖ អាស្រ័យលើព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមខាងលើនេះ សង្គមជាតិកម្ពុជា កំពុងទទួលបានសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់រាជដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ មាត្រា៨ បានចែងថា ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ៕ដោយ: កូឡាប