បាឡុងមួយដែលមានអ្នកជិះចំនួន ២០នាក់បានធ្លាក់ កាលពីថ្ងៃសុក្រម្សិលមិញនេះ នៅទីក្រុង Luxor ប្រទេសអេហ្សីប បណ្តាលឲ្យអ្នកទេសចរម្នាក់ស្លាប់ និងជាច្រើនអ្នកទៀតរងរបួស។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរអាកាសចរណ៏ស៊ីវិល និងក្រុមហ៊ុនបាឡុង ហើយត្រូវចុះផ្សាយដោយ CNN នៅថ្ងៃសៅរិ៍នេះ។
បើតាមការបញ្ជាក់របស់ក្រុមហ៊ុនបាឡុងឈ្មោះ Sindbad បានបញ្ជក់ថា អ្នកទេសចរម្នាក់ដែលស្លាប់ក្នុងហេតុការណ៏ធ្លាក់បាឡុងនោះជាជនជាតិអូស្ត្រាលី ភេទប្រុស។
លោក Hany Al-Sayyed អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន បាននិយាយថា បាឡុងបានត្រៀមខ្លួនចុះចតរួចរាល់នៅម៉ោង ៦ និង ៣០នាទីព្រឹក ប៉ុន្តែភ្លាមៗនោះមានខ្យល់ខ្លាំង បណ្តាលឲ្យការចុះចតមានបញ្ហា។
អ្នកគ្រប់គ្រងដដែលបន្ថែមថា ជនរងគ្រោះជាជនជាតិអូស្ត្រាលីមានដើមកំណើតអាហ្វ្រិចខាងត្បូង។ ក្បាលរបស់គាត់មានការប៉ះទង្គិចក្នុងកំឡុងពេលចុះចតរដិបរដុប។ ចំនែកអ្នកទេសចរផ្សេងទៀតគ្រាន់តែរងរបួសបន្តិចបន្តួចប៉ុណ្ណោះ។
ចំនែកអ្នកបញ្ជាបាឡុង ត្រូវបានប៉ូលីសនាំយកទៅសាកសួរ៕ សុភ័ក្ត្រ