លំហវេហាងងឹតសូន្យឈឹង នៅកូឡំប៊ី ស្រាប់តែលេចឡើងនូវពន្លឺចម្លែក បំភ្លឺប្រជុំជន Ocana ទាំងមូល រួចរលាយបាត់ស្រមោលទៅវិញ។ រឿងនេះបានធ្វើឲ្យប្រជាជន រួមទាំងរដ្ឋអំណាចផង ពិតជាមានកង្វល់ភ័យខ្លាច ព្រោះពុំដឹងថា ជាអ្វី។ ដុំភ្លើងពណ៌លឿងដ៏ធំភ្លឺចិញ្ចាចចិញ្ចែង បានហោះរំលងផ្ទៃមេឃ នៃប្រជុំជន Ocana ក្នុងអំឡុងពេលប៉ុន្មាននាទី រួចរលាយបន្តិចម្តងៗ រហូតបាត់ស្រមោលនៅឯជើងមេឃ។
សាក្សីឲ្យដឹងថា ពន្លឺចម្លែកនេះបានបាត់ស្រមោលពេលទៅដល់ជិតប្រជុំជន Aguas Claras។
មនុស្សជាច្រើនបានទាញទូរស័ព្ទថតយកបាននូវបាតុភូតចម្លែកលេចឡើងកណ្តាលរាត្រីនេះ។ Clip ទាំងនោះបានចែករំលែករាលដាលក្នុងល្បឿងយ៉ាងលឿនលើបណ្តាញសង្គម។
ពន្លឺចម្លែករំលងប្រជុំជនកណ្តាលរាត្រី
ក្នុង Clip ខាងក្រោមនេះ គេបានឮសម្រែកជាភាសាអេស្បាញរបស់បុរសម្នាក់ថា ៖ វាពុំមែនជាផ្កាយ ហើយក៏ពុំមែនជាយន្តហោះ។ តែវាគឺជាកំពូលមនុស្ស!។
មនុស្សម្នាក់ទៀតបានស្រែកឡើងដែរ ហ្នុះ! វាកំពុងចលនាទៅខាងនោះ។
មនុស្សជាច្រើនបាននិយាយលេងថា វាអាចជាពន្លឺបាញ់ចេញមកពីយានអវកាសរបស់មនុស្សពីភពដទៃ ខណៈពេលអ្នកខ្លះទៀតនិយាយថា ៖ វាគឺជាកាំជ្រួចពន្លឺដែលជាប់ជាមួយឆ័ត្រ សម្រាប់ប្រើបំភ្លឺក្នុងប្រតិបត្តិការយោធា។ល។ ទោះយ៉ាងណារដ្ឋអំណាចតំបន់ និងពលរដ្ឋនៅតែមានការខ្វាយខ្វល់ ព្រោះពុំមានព័ត៌មានបញ្ជាក់ពីឫសគល់បណ្តាលឲ្យមានពន្លឺចម្លែកនេះផ្តើមចេញពីណាមក៕ ចន្ទ្រា