រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៨ ខែកញ្ញា ២០១៩ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ប្រតិភូគណបក្សខ្មែរក្រោក បានចូលរួមប្រជុំផ្ដល់យោបល់លើសេចក្ដីព្រាងវិសោធនកម្មច្បាប់ ស្ដីពី សហជីពចំនួន ១០មាត្រា (មាត្រា៣, ១៧, ២០, ២១, ២៧, ២៨, ២៩, ៥៤, និងមាត្រា៥៩) ជាមួយប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ក្រោមក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី ។
លោកវីល្លាម បានថ្លែងថា នៅក្នុងកិច្ចប្រជុំនេះ យើងខ្ញុំបានផ្ដល់អនុសាសន៍ជាធាតុចូលកែលម្អមួយចំនួនបន្ថែមទៀត ដើម្បីធ្វើឲ្យយុទ្ធសាស្ត្រការងារកាន់តែផ្ដល់ប្រសិទ្ធភាពខ្ពស់ ។
គោលសំខាន់ៗ នៃវិសោធនកម្មច្បាប់សហជីពនេះ រួមមាន ៖ ការរក្សានូវបញ្ជីកាសុពលភាព, លក្ខខណ្ឌសម្រាប់ដឹកនាំគ្រប់គ្រង និងអ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលរបស់សហជីព នៅក្នុងសហគ្រាស ឬគ្រឹះស្ថាន និងសមាគមនិយោជក, ការថែរក្សាកំណត់ត្រាហិរញ្ញវត្ថុ, ការរំលាយសហជីព ឬសមាគមនិយោជក, មូលហេតុ នៃការរំលាយចោលដោយតុលាការការងារ, ភាពជាតំណាងបំផុតនៅថ្នាក់សហគ្រាស ឬគ្រឹះស្ថាន និងនៅក្នុងវិជ្ជាជីវៈមួយ ឬសកម្មភាពសេដ្ឋកិច្ចមួយ ឬវិស័យមួយ, សិទ្ធិ និងតួនាទីរបស់សហជីព ដែលមានសមាជិកភាពតិច នៅក្នុងសហគ្រាស ឬគ្រឹះស្ថានមួយ ជាមួយសហជីព ដែលមានភាពជាតំណាងបំផុត៕ដោយ៖កូឡាប