ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានប្រកាសសម្រេចទទួលស្គាល់ គណបក្សខ្មែរអភិរក្សនិយម របស់លោក រៀល ខេមរិន្ទ បន្ទាប់ពីអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិរូបនេះ បានស្នើសុំនីតិសម្បទានយោបាយនៅកម្ពុជាឡើងវិញ។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្រេច ត្រូវបានចុះឈ្មោះគណបក្សខ្មែរអភិរក្សនិយម សរសេរជាអក្សរកាត់ថា (គ.ខ.អ) ដែលមានអាសយដ្ឋាននៃទីស្នាក់ការកណ្តាលនៅផ្ទះលេខ១៦C ភូមិត្នោតជ្រុំទី៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។
គណបក្សខ្មែរអភិរក្សនិយម ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន និងលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។
សូមជម្រាបថា លោក រៀល ខេមរិន្ទ អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ បន្ទាប់ពីត្រឡប់ចូកស្រុកខ្មែរវិញ បានសុំសិទ្ធិធ្វើនយោបាយពីរាជរដ្ឋាភិបាលកម្ពុជាឡើងវិញ នៅអំឡុងខែមីនា ឆ្នាំ២០១៩ និងបានប្រកាសថាខ្លួននឹងបង្កើតគណបក្សនយោបាយថ្មីមួយ លែងធ្វើការងារឲ្យអតីតគណបក្សសង្គ្រោះជាតិ៕ ដោយ៖បញ្ញាស័ក្តិ