ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ បានប្រកាសផ្សព្វផ្សាយព័ត៌មាន លើផេកហ្វេសប៊ុកផ្លូវការថា ក្នុងឱកាសខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នាពេលខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលបទសម្ភាសន៍ជាមួយក្រុមសារព័ត៌មានចិន កាលពីថ្ងៃទី៩ ខែកញ្ញា។
បើតាមស្ថានទូតចិន បានបញ្ជាក់ថា សម្តេចបានអបអរសាទរខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងមានប្រសាសន៍ថា ស្ថិតនៅក្រោមការដឹកនាំពីបក្សកុម្មុយនីស្តចិន ប្រទេសចិនមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស គួរឲ្យកត់សម្គាល់ ក៏បានផ្តល់អត្ថប្រយោជន៍វិបុលភាព ជូនដល់ពិភពលោកផងដែរ។ កម្ពុជានិងចិន ជាអ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អ បងប្អូនល្អ ជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រឹតតែជា”មិត្តដែកថែប”ផងដែរ។ កម្ពុជា សូមជូនពរចិន ទទួលបានសមិទ្ធផលកាន់តែច្រើននាថ្ងៃអនាគត ទន្ទឹមនឹងការអភិវឌ្ឍន៍ផ្ទាល់ខ្លួន ក៏ចូលរួមជួយសម្រេចការអភិវឌ្ឍន៍ ក្នុងតំបន់ និងលើសកលលោកផងដែរ៕ ដោយ៖កូឡាប