ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំលើកទី២ នៃគណៈកម្មការរៀបចំមហាសន្និបាតរបស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ( AIMF ) លើកទី៣៩ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ និងត្រៀមខ្លួនទទួលថ្នាក់ដឹកនាំ ក្នុងអង្គមហាសន្និបាតរបស់សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ( AIMF ) និងត្រៀមកងកម្លាំង ក្នុងកិច្ចការការពារសន្តិសុខជូនថ្នាក់ដឹកនាំ ដែលបានអញ្ជើញចូលរួមក្នុងមហាសន្និបាតនេះ។
លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា មកដល់ពេលនេះ យើងបានរៀបចំការងារបានមួយចំនួនធំហើយ ស្ដីពី វឌ្ឍនភាពនៃការងារត្រៀមរៀបចំនេះ ដែលនឹងមានតំណាងទីក្រុងចំនួន៣០៤ ចូលរួម។ លោកអភិបាល បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធពិភាក្សា ផ្តល់យោបល់ ឲ្យបានស៊ីជម្រៅលើការងារ ដែលនៅសេសសល់ឲ្យបានរួចរាល់តាមការគ្រោងទុក។
កិច្ចពិភាក្សាក៏បានបង្ហាញពីពង្រាងកម្មវិធីសម្រាប់កិច្ចប្រជុំ AIMF លើកទី៣៩ ដែលគ្រោងធ្វើនៅថ្ងៃទី២ ទី៣ និងទី៤ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ក្រោមប្រធានបទ៖ ទីក្រុងដែលមានភាពធន់ ការគិតគូពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ។ ជាមួយគ្នានេះ ក៏ស្របគ្នានឹងខួបលើកទី៤០ នៃការបង្កើតសមាគម AIMF នឹងស្របគ្នានៃខួបលើកទី៤០ របស់រាជធានីភ្នំពេញ ក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍។ សូមបញ្ជាក់ថា រាជធានីភ្នំពេញ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍របស់ AIMF ក្នុងកិច្ចប្រជុំលើកទី៣៨ របស់ AIMF នៅទីក្រុងលីល ប្រទេសបារាំង កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ បានជ្រើសរើសធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើកទី៣៩។ នេះជាឱកាសដ៏មានតម្លៃ ដែលរាជធានីភ្នំពេញ បង្ហាញស្នាដៃ និងបទពិសោធន៍ ក្នុងការអភិវឌ្ឍទីក្រុង ដែលងើបចេញពីវាលពិឃាតប្រល័យពូជសាសន៍ រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕ដោយ៖កូឡាប