Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឲ្យ​កងកម្លាំង​វរ​សេនា​តូច​នគរបាល និង​យោធា​ការពារ​ព្រំដែន​ទប់ស្កាត់​ចំពោះ​បដិវត្តន៍​ពណ៌ និង​ត្រៀម​ចាប់ខ្លួន​ជន​ណា​ដែល​រួមគំនិត​ក្បត់ជាតិ​និង​ញុះ​ញ៉​ង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​

​ខេត្តស្វាយរៀងៈ អភិបាលខេត្ត​ស្វាយរៀង​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​វរ​សេនា​តូច​នគរបាល និង​យោធា​ការពារ​ព្រំដែន នៅក្នុង​ភូមិសាស្ត្រ​ខេត្តស្វាយរៀង​ក្នុងឱកាស​បុ​ណ្ឌ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ បាន​មានមតិ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ត្រូវ​ទប់ស្កាត់​ចំពោះ​បដិវត្តន៍​ពណ៌ និង​ត្រៀម​ចាប់ខ្លួន​ជន​ណា​ដែល​រួមគំនិត​ក្បត់ជាតិ​និង​ញុះ​ញ៉​ង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​ដែលមាន​ទណ្ឌិត​សមរង្ស៊ី​និង​បក្ខពួក និង​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព និង​សន្តិសុខ​ល្អ​នៅតាម​ព្រំដែន​។​

​លោក ជុំ​ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង និង​លោក ម៉ែន វិបុល អភិបាល អភិបាលខេត្ត នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​១៣​រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​វរ​សេនា​តូច​នគរបាល និង​យោធា​ការពារ​ព្រំដែន​នៅក្នុង​ភូមិសាស្ត្រ​ខេត្តស្វាយរៀង ដែល​រៀបចំ​នៅ​បញ្ជាការដ្ឋាន​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​លេខ​៦១១ ស្ថិតនៅ​ឃុំ​សង្កែ ស្រុក​រំដួល ខេត្តស្វាយរៀង​។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន លោក​អភិបាលរង​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការរង​កងកម្លាំង​ប្រដាប់អាវុធ​ទាំងបី លោកស្រី​នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព លោក​អភិបាលក្រុង​-​ស្រុក លោកនាយក នាយករង​ទីចាត់ការ​ចំណុះ​សាលាខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការ​វរ​ព្រំដែន​ទាំង​៣ កងកម្លាំង​វរ​ព្រំដែន​សរុប​ចំនួន ៤៨៥​នាក់​។​

​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​ពិធី​នេះ លោក ម៉ែន វិបុល អភិបាលខេត្ត បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សួ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ជូន​ចំពោះ​កងកម្លាំង​ការពារ​ព្រំដែន​ដោយ​ក្តី​នឹករលឹក​បំផុត​។​

​លោក​បាន​បន្តថា ការចុះ​ជួប​សួរសុខទុក្ខ​បងប្អូន​កងកម្លាំង​នៅ​រៀងរាល់​ឱកាស​បុណ្យជាតិ​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​សម្ដេច​ទាំងពីរ តែងតែ​យកចិត្តទុកដាក់​បំផុត​ចំពោះ​បងប្អូន​កងកម្លាំង​នគរបាល និង​យោធា​ទាំងអស់​ដែល​ឈរជើង​ការពារ​នៅតាម​តំបន់​ព្រំដែន ហើយ​ខេត្តស្វាយរៀង​របស់​យើង រដ្ឋបាលខេត្ត​ស្វាយរៀង​តែង​ចុះ​ជា​បន្តបន្ទាប់​ក្នុង​គោលបំណង ផ្សារភ្ជាប់​នូវ​ទំនាក់ទំនង​ល្អប្រសើរ​រវាង​អ្នក​នៅ​ជួរ​ក្រោយ និង​កម្លាំង​របស់​យើង​នៅ​ជួរមុខ​ក្នុង​ស្មារតី​សាមគ្គីភាព និង​វប្បធម៌​នៃ​ការចែករំលែក ក៏ដូចជា​ការលើកទឹកចិត្ត​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​នាពេល​កន្លងមក របស់​កម្លាំង​យើង​ទាំងអស់​ដែល​ឈរជើង​នៅ​ជួរមុខ ក្នុង​កិច្ច​ការរក្សា​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព និង​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្ដា​សមត្ថកិច្ច​នៃ​ប្រទេសជាតិ​ខាង ធ្វើ​ឲ្យ​សណ្ដាប់ធ្នាប់​នៅតាម​តំបន់​ព្រំដែន​នាពេល​កន្លងមក មាន​ភាពល្អប្រសើរ ធានាបាន​នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។

​លោក​អភិបាលខេត្ត​បាន​មានមតិ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា ៖

– ទប់ស្កាត់​ចំពោះ​បដិវត្តន៍​ពណ៌ និង​ត្រៀម​ចាប់ខ្លួន​ជន​ណា​ដែល​រួមគំនិត​ក្បត់ជាតិ​និង​ញុះ​ញ៉​ង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​ដែលមាន​ទណ្ឌិត​សមរង្ស៊ី​និង​បក្ខពួក​ជាដើម​។​

– ត្រូវ​ចូលរួម​ថែរក្សា​ការពារ​នូវ​សន្តិភាព ការពារ​រដ្ឋធម្មនុញ្ញ និង​រដ្ឋាភិបាល​ស្របច្បាប់​។​

– ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព និង​សន្តិសុខ​ល្អ​នៅតាម​ព្រំដែន​។​

– ត្រូវមាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​រវាង​កងកម្លាំង​ទាំងអស់​ទាំង នគរបាល និង​យោធា​។​

– ត្រូវគោរព​វិន័យ បទបញ្ជាផ្ទៃក្នុង​ឱ្យបាន​ម៉ឺងម៉ាត់​។​

– ត្រូវ​បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ប្រទេសជិតខាង​។​

– ចុះ​ពិនិត្យ​និង​ថែរក្សា​ការពារ​បង្គោល​ព្រំដែន​ដែល​បាន​បោះ​រួច​។​

– ត្រូវ​ទប់ស្កាត់​រាល់​បទ​ល្មើស​ឆ្លងដែន​ផ្សេងៗ​ដូចជា​បទល្មើស​គ្រឿងញៀន ការ​ជ្រៀតចូល​នៃ​ជនអន្តោប្រវេសន៍​ខុសច្បាប់ និង​ការ​លួច​នាំចូល​ជ្រូក​ពី​ប្រទេសជិតខាង​មក​ខេត្តស្វាយរៀង​ជាដើម ។​

​ជា​ចំណងដៃ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ លោក​អភិបាលខេត្ត​បាន​ឧបត្ថម្ភ​ថវិកា​ក្នុង​ម្នាក់ៗ​ទទួលបាន​៥​ម៉ឺន​រៀល ដោយឡែក​វរៈ​ទាំង​៣ ក្នុង​១​វរៈ​ទទួលបាន​អង្ករ​១០​បាវ ទឹកក្រូច​១០​កេស ទឹក​សុទ្ធ ១០​កេស និង​នំអន្សមជ្រូក​ចំនួន​១០០​នំ ដែល​គិត​ជា​ថវិកា​សរុប​ទាំងអស់​ចំនួន​៣២​លាន​រៀល​៕ ដោយ​៖​វ៉ៃ​កូ​

×