វៀតណាម៖ សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅវិមានរដ្ឋាភិបាលវៀតណាម វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុត ពីសមភាគីវៀតណាម លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពិសេសការទទួលបានកម្រងផ្កាដ៏ស្រស់ស្អាតពីកុមារា កុមារីវៀតណាម។ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម បានព្រមព្រៀងគ្នាចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សរណៈសំខាន់ៗចំនួន៧ ក្នុងគោលដៅពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។
ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សរណៈនេះ បានធ្វើឡើងនៅក្រោយជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក។ កិច្ចព្រមព្រៀង និងអនុស្សរណៈដែលបានចុះហត្ថលេខាទាំងពីរនោះរួមមាន៖
ទី១៖ កិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា ក្នុងទឹកប្រាក់ចំនួន ៣លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងសាងសង់សមាសធាតុមួយចំនួន នៃមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល ដោយស័្មគ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ចុះហត្ថលេខារវាងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនកម្ពុជា ជាមួយលោក ដាវ ង៉ុកហ៊្សុង រដ្ឋមន្រ្តីក្រសួងការងារយុវនីតិសម្បទា និង សង្គមវៀតណាម។
ទី២៖ កិច្ចព្រមព្រៀងផ្តល់ជំនួយលើគម្រោងសាងសង់អគាររដ្ឋបាលថ្មី សម្រាប់រដ្ឋសភាកម្ពុជា។
ទី៣៖ អនុស្សរណៈយោគយល់គ្នាទៅវិញ ទៅមក រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងក្រសួងហិរញ្ញវត្ថុវៀតណាម លើកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកលើការងារគយ ចុះហត្ថលេខាដោយតំណាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រទេសទាំងពីរ។
ទី៤៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមតំបន់ព្រំដែន រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។
ទី៥៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីវឌ្ឍនភាពលើការសាងសង់ និងផែនការប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា នៅខេត្តត្បូងឃ្មុំ រវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្មកម្ពុជា។
ទី៦៖ អនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។
ទី៧៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលរបស់កម្ពុជា ជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ស្តីពីសហប្រតិបត្តិការលើវិស័យថាមពលអគ្គិសនី។
នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាល់ពីសមភាគីនាយករដ្ឋមន្រ្តីវៀតណាម បានអញ្ជើញធ្វើដំណើរ ឆ្លងកាត់ស្រទាប់មហាជន និងថ្នាក់ដឹកនាំវៀតណាម ដែលកាន់ទង់ជ័យនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម មុនពេលដែលប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរ អញ្ជើញគោរពភ្លេងជាតិ និងទង់ជាតិ នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
បន្ទាប់ពីពិធីត្រួតពលគ្រប់កងឯកភាព នៃកងទ័ពប្រជាជនវៀតណាមរួចមក សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាល់ពីសមភាគី លោកនាយករដ្ឋមន្រ្តីវៀតណាម បានអញ្ជើញធ្វើគារវកិច្ចដោយផ្ទាល់ ចំពោះសម្តេច លោក លោកស្រី ឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម-កម្ពុជា លោក លោកស្រី ជាឥស្សរជនការទូត នៃបណ្តាប្រទេសជាមិត្តនានា ប្រចាំរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានវត្តមានក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះ។
សូមបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ប៉ុន្តែត្រូវបានកាត់ផ្តាច់នៅខែមីនាឆ្នាំ១៩៧០ និងបានភ្ជាប់ទំនាក់ទំនងឡើងវិញនៅខែមករាឆ្នាំ១៩៧៩។ ឆ្នាំ២០១៧ ជាខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ នៅក្នុងទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ទាំងស្ថាប័នព្រះមហាក្សត្រ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានរដ្ឋសភា ប្រមុខការទូតនៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ផ្លូវការ ពីគ្នាទៅវិញទៅមកយ៉ាងញឹកញាប់បំផុត ក្នុងគោលបំណងពង្រឹងនិងពង្រីក ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្រាប់ប្រទេសទាំង ពីរកម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ក្នុងនាមជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា៕ដោយ៖កូឡាប