ភ្នំពេញ៖ លោកឃួង ស្រេង បានគូសបញ្ជាក់ថា ជាមោទនភាពជាតិ ដែលមានព្រះសង្ឃក៏ដូចជាគ្រហស្ថ នូវសិទ្ធិស្មើភាព មានមុខមានមាត់ ជាមួយនឹងប្រទេសជិតខាង ក៏ដូចជាប្រជាជន នៅលើពិភពលោក នេះជា មោទនភាពជាតិ យ៉ាងពិតប្រាកដ ដែលសម្តេចតេជោ បានធ្វើដល់ចំណុចនេះ ប្រគល់ឲ្យយើងគ្រប់គ្នា ហើយសម្តេចតេជោ អ្នកប្រគល់ឲ្យយើងមុនគេ គឺសិទ្ធិរស់នៅ ក្នុងចំណោមសិទ្ធិមនុស្សទាំង១០ប្រការ សិទ្ធិទី១ គឺសិទ្ធិការរស់នៅ បានប្រគល់ឲ្យយើងមុនគេ នៅចំណុចនេះ ទាំងព្រះសង្ឃ ក៏ដូចជាគ្រហស្ថ បានប្រគល់នៅថ្ងៃ៧មករា ដូចគ្នាឲ្យរស់រានមានជីវិត ។ មានសិទ្ធិនេះហើយ ទើបបានជាមានសិទ្ធិដទៃៗទៀតទាំង៩ នៅតាមក្រោយ នេះជាចំណុចសំខាន់ណាស់។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០១៩នេះបានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីសម្តេចព្រះឧត្តមចរិយា បណ្ឌិតឈឹង ប៊ុនឈា សមាជិកថេរសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តវិមានតេជះ ហៅវត្តស្រះចក ដែលគិតជាទឹកប្រាក់ចំនួនជាង២៤លានរៀល ដើម្បីបន្តនាំទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះ។
សម្តេចព្រះឧត្តមចរិយា ក្នុងឱកាសនោះ បានមានព្រះថេរដីកាកោតសរសើរ គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។
សម្តេចព្រះឧត្តមចរិយា មានសង្ឃដីកាថា សម្រាប់វត្តស្រះចក ព្រះអង្គតែងតែចែករំលែកទេយ្យទាន និងបច្ច័យ ផ្តល់ទៅសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្នុងមួយឆ្នាំ២ដង ដើម្បីឲ្យសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បន្តនាំទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះ។ ទេយ្យទាននិងបច្ច័យផ្តល់ទៅសាខាកាកបាទក្រហមកម្ពុជា នេះដោយសារតែព្រះអង្គមើលឃើញពីសកម្មភាពមនុស្សធម៌ដ៏ល្អរបស់ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដោយបានផ្តល់ជូនជនរងគ្រោះនិងអ្នករងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយនិងបានយកទៅប្រើប្រាស់ចំគោលដៅ។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង បានមានប្រសាសន៍ ថ្លែងអំណរព្រះគុណ អំណរគុណចំពោះសម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះសង្ឃ គណៈកម្មការ អាចារ្យ វត្តទាំងអស់ ដែលតែងតែបានបរិច្ចាគទេយ្យទានជូនដល់ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្នុងការចូលរួមជាមួយសកម្មភាពមនុស្សធម៌ ដែលនេះជាការចូលរួមចំណែកលើវិស័យមនុស្សធម៌ ដ៏ប្រពៃរវាងពុទ្ធចក្រនិងអាណាចក្រ។
លោកប្រធានគណៈកម្មាធិការសាខា បានសន្យាថា នឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះ ជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម ។
លោក ឃួង ស្រេង បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាអ្នកប្រគល់មុនគេ នូវសិទ្ធិរស់រានមានជីវិត ក្នុងចំណោមសិទ្ធិមនុស្ស ទាំង១០ប្រការ ដែលព្រះសង្ឃ ក៏ដូចជាគ្រហស្ថ ទទួលបាន នៅថ្ងៃ៧មករាដូចគ្នា ។
លោក ឃួង ស្រេង លើកឡើងថា ពុទ្ធចក្រ និងអាណាចក្រ មិនអាចកាត់ផ្តាច់ពីគ្នា ដោយបានលើកឡើងថា កាលពី៤០ឆ្នាំមុន អាណាចក្រ ក៏ដូចជាពុទ្ធចក្រនៅកម្ពុជា ត្រូវបានរបបប៉ុលពតបំផ្លិចបំផ្លាញ យកទីអារាមមកធ្វើជាគុក សម្រាប់ដាក់ទណ្ឌកម្ម ព្រះសង្ឃគ្រប់ព្រះអង្គត្រូវបានផ្សឹក បានធ្វើឲ្យអាណាចក្រ និងពុទ្ធចក្រធ្លាក់ចុះ លុបបំបាត់មិនឲ្យមានជំនឿ សាសនា ។
ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានមានប្រសាសន៍ថា “យើងទាំងអស់គ្នា ទាំងពុទ្ធចក្រ អាណាចក្រ បានឆ្លងកាត់ នូវរបបដ៏ឃោរឃៅ ហើយឆ្លងកាត់ នូវបទពិសោធន៍មួយ ក្នុងប្រទេសកម្ពុជារបស់យើង ។ នេះជាចំណុចមួយសំខាន់ ជាបទពិសោធន៍មួយ ដ៏ថ្លៃថ្លា ដែលមិនអាចកាត់បាន ដែលត្រូវធ្វើឲ្យ ពុទ្ធសាសនិក ក៏ដូចជាអាណាចក្រ ក៏ដូចពុទ្ធចក្រ ត្រូវចងចាំនូវបញ្ហានេះថា ទាំងអស់គ្នានៅកម្ពុជា គឺកើតឡើង នៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ដែលក្នុងពាក់កណ្តាលជីវិត បានបូជាធ្វើពលីកម្មសព្វបែបយ៉ាង ដើម្បីប្រជាជាតិ សាសនា ព្រះមហាក្សត្រ” ។
លោក ឃួង ស្រេង បន្ថែមថា “ឥឡូវនេះបានសន្តិភាពពេញលេញ ហើយសម្តេចតេជោ ហ៊ុន សែន គាត់មានការរីករាយ ដែលបានឃើញពុទ្ធចក្រ និងអាណាចក្រ អាចការពារ និងអាចរីកចម្រើន លើគ្រប់វិស័យ ។ នេះគឺជាមហិច្ឆតា ដ៏ពិតប្រាកដ របស់សម្តេច ដែលសម្តេចចង់ដឹកនាំប្រទេសជាតិ ដល់ឆ្នាំ២០៥០នេះ ឲ្យក្លាយទៅជាប្រទេស ដែលមានចំណូលកម្រិតខ្ពស់ បានប្រាក់ខែច្រើន មានការរស់នៅ មានជីវភាព កើនឡើង ហើយមានភាពស៊ីវិល័យ ជូនដល់ប្រជាពលរដ្ឋរបស់យើង នេះជាមហិច្ឆតា ដ៏ពិតប្រាកដ ដែលនេះខ្ញុំព្រះករុណាជឿជាក់ថា សម្តេច ក៏ដូចជា ព្រះថេរា នុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងសមាជិក សមាជិកា ក្នុងអង្គពិធី ពិតជាបានជ្រោតជ្រាប នូវបញ្ហានេះ យ៉ាងច្បាស់ប្រាកដថា សម្តេច មិនចង់បានអ្វីក្រៅពីកូនចៅ របស់សម្តេច ដែលសម្តេចបានខិតខំប្រឹងប្រែងរំដោះ ឲ្យរួចផុតពីការកាប់សម្លាប់ ហើយធ្វើការថែទាំ ឲ្យមានជីវភាពរស់នៅ ថ្កុំថ្កើងដូចសព្វថ្ងៃនេះ ហើយឈានទៅរកការរីកចម្រើន” ។
គួរបញ្ជាក់ថា ទេយ្យទានដែលសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទទួលបានរួមមាន៖ គ្រឿងឧបភោគបរិភោគចំនួន៨មុខ សម្ភារៈប្រើប្រាស់ចំនួន២១សម្រាប់ និងថវិកាចំនួន៤លានរៀល ដែលគិតសរុបជាទឹកប្រាក់ទាំងអស់ចំនួន២៤.២៥៤.៩០០រៀល ឬស្មើនឹងជាង៦០០០ដុល្លារ ៕ ដោយ៖កូឡាប