ប្រទេសកូរ៉េខាងជើងបានបញ្ជេញឈ្មោះគណៈប្រតិភូរបស់ខ្លួនរួចរាល់ហើយ សំរាប់កិច្ចប្រជុំកំរិតខ្ពស់ដ៏កំរ ជាមួយនឹងកូរ៉េខាងត្បូងនៅថ្ងៃអង្គារស្អែកនេះ។
កិច្ចប្រជុំដែលនឹងធ្វើនៅភូមិ Panmunjom នឹងត្រូវដឹកនាំដោយលោក Ri Son-Gwon ប្រធានភ្នាក់ងារកូរ៉េខាងជើង ដើម្បីដោះស្រាយកិច្ចការកូរ៉េទាំងពីរ។
កិច្ចប្រជុំដែលមិនបានធ្វើឡើងអស់រយៈពេល ២ឆ្នាំជាងមកហើយនេះ ត្រូវគេរំពឹងថានឹងពិភាក្សាពីការចូលរួមរបស់អត្តពលិករបស់កូរ៉េខាងជើង ក្នុងកីឡាអូឡាំពិចរដូងរងា ដែលនឹងប្រព្រឹត្តឡើងនៅខែក្រោយ ក្នុងកូរ៉េខាងត្បូង។
សូមរំលឹកផងដែរថា ស្ថានភាពនៅឧបទ្វីបកូរ៉េហាក់បានធូរស្រាលមួយកំរិត ក្រោយពេលមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសពីការបើកឲ្យមានកិច្ចចរចារជាមួយនឹងកូរ៉េខាងត្បូង។ កិច្ចប្រជុំនៅថ្ងៃស្អែកនេះត្រូវបានស្វាគមន៏ដោយនាយករដ្ឋមន្ត្រីជប៉ុន ហ្សីនហ្សូ អាប៊េ។
ជាលទ្ធផលនៃការបបួលគ្នាចរចាររបស់ គីម ជុងអ៊ុន ប្រទេសកូរ៉េខាងជើងបានសម្រេចបើកបណ្តាញទូរស័ព្ទសំរាប់ទំនាក់ទំនងគ្នាឡើងវិញ កាលពីពេលថ្មីៗនេះ៕ សុភ័ក្ត្រ