ស្ទឹងត្រែង ៖ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានឲ្យដឹងនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៩នេះថា ក្នុងដំណើរស្រាវជ្រាវស៊ើបអង្កេត ពិនិត្យ និងតាមពាក្យបណ្ដឹងរបស់ពលរដ្ឋ គឺលោកបានទទួលភារកិច្ចសិក្សាសំណុំរឿង របស់លោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ពាក់ព័ន្ធនឹងករណីប្រើអំណាចដោយទុច្ចរិត ដកហូតយកទ្រព្យសម្បត្តិ បំផ្លាញភស្តុតាង ដែលប្ដឹងដោយពលរដ្ឋឈ្មោះ សែម៉េងជា ។
លោកបានឲ្យដឹងបន្ថែមទៀតថា បើតាមការពិនិត្យឃើញ មេបញ្ជាការរូបនេះ មានភាពអសកម្មមិនគោរពតាមសេចក្ដីជូនដំណឹងរបស់ អង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដោយរឹងទទឹងមិនប្រគល់ទ្រព្យសម្បត្តិអ្នកដទៃឲ្យគេវិញ ជាពិសេសមេបញ្ជាការនេះ មិនគោរពតាមលិខិតគតិយុត្តរបស់តុលាការ ថែមទាំងបិទបាំងភស្តុតាងផងដែរ ។
ករណីនេះយើងខ្ញុំចាត់ទុកជាករណីពិសេសបំផុត ព្រោះមេបញ្ជាការរូបនេះ តែងយកឈ្មោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទៅធ្វើរឿងមិនគប្បី ។ ហើយលោកមេបញ្ជាការរូបនេះ ក៏មានពាក់ព័ន្ធនឹងករណីផ្សេងទៀតផងដែរ ដែលមានលក្ខណៈស្រដៀងនេះច្រើនផងដែរ ។ ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ អ្នកយកព័ត៌មានមិនអាចទំនាក់ទំនងមេប៉េអឹមខេត្តស្ទឹងត្រែង ដើម្បីបំភ្លឺបានទេ នៅរសៀលថ្ងៃទី៧តុលានេះ៕ដោយ៖បញ្ញាស័ក្តិ