រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារផ្នែកឯកជន ក្រុមការងារអប់រំ បានរៀបចំកិច្ចប្រជុំពិភាក្សាដោយ ដើម្បីពិនិត្យដោះស្រាយសំណូមពរធុរកិច្ច របស់ក្រុមការងារផ្នែកអប់រំឯកជន ដាក់ចេញជម្រើសអន្តរាគមន៍កម្រិតបច្ចេកទេស ដើម្បីអនុវត្តន៍រួមជាមួយផ្នែកឯកជន លើកសំណូមពរធុរកិច្ចផ្នែកអប់រំ ដែលលើសពីសមត្ថភាពក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី៨ តុលា ២០១៩ នាទីស្ដីការក្រសួងអប់រំយុវជននិងកីឡា ។
ជាមួយគ្នានេះដែរ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីកំណត់បញ្ហាប្រឈម សំណូមពរធុរកិច្ចផ្នែកអប់រំ ជម្រើសអន្តរាគមន៍កម្រិតគោលនយោបាយ ដើម្បីជាធាតុចូលសម្រាប់ត្រៀមវេទិការាជរដ្ឋាភិបាល និង ផ្នែកឯកជនលើកទី១៩ ឆ្នាំ២០២០។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក បណ្ឌិត ហេង វ៉ាន់ដា សហប្រធានក្រុមការងារទី១១ “ផ្នែកអប់រំ” ផ្នែកឯកជន ។
រៀបវារៈនៃកិច្ចពិភាក្សា មានចំនួន ៤អនុវិស័យ រួមមាន អនុវិស័យសុខាភិបាល បឋមសិក្សា និងមធ្យមសិក្សា បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអនុវិស័យឧត្ដមសិក្សា សរុបចំនួន ៣០ចំណុច ដែលក្នុងនោះចំណុចមួយចំនួនត្រូវបានសម្រេច ដោយឡែកចំណុចខ្លះទៀត ទាមទារកិច្ចប្រជុំបច្ចេកទេស និងការពិភាក្សាបន្ថែមមុនឈានដល់ការធ្វើសេចក្ដីសម្រេច។
សភាពាណិជ្ជកម្មកម្ពុជា បានប្រកាសថា កិច្ចប្រជុំក្រុមការងារទី១១ “ផ្នែកអប់រំ” នៃវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជន ធ្វើឡើងក្នុង គោលបំណង ដើម្បីពិគ្រោះពិភាក្សា និងស្នើសុំដំណោះស្រាយបញ្ហាប្រឈម របស់ផ្នែកឯកជន ពីសំណាក់លោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និងជាសហប្រធានក្រុមការងារទី១១ “ផ្នែកអប់រំ” ផ្នែករដ្ឋាភិបាល ។ ជាលទ្ធផលកិច្ចប្រជុំ បានដំណើរការពិគ្រោះពិភាក្សា និងដោះស្រាយបញ្ហាប្រឈមរបស់ផ្នែកឯកជន ទៅតាម របៀបវារៈ ដែលមានស្រាប់ និងទទួលបានផ្លែផ្កាគួរជាទីមោទនៈ។ ជាការឆ្លើយតបនឹងសំណើររបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាសហប្រធានក្រុមការងារទី១១ បានឯកភាពក្នុងការបង្កើតអនុគណៈកម្មាធិការទាក់ទងនឹងក្រុមការងារទី១១ ដោយប្រគល់តួនាទីនេះជូនទៅលោក បណ្ឌិត ហេង វ៉ាន់ដា សហប្រធានក្រុមការងារទី១១ “ផ្នែកអប់រំ” ផ្នែកឯកជន និងមន្ត្រីជំនាញនៃក្រសួងអប់រំ យុវជន និងកីឡាជាអ្នករៀបចំ៕ ដោយ ៖ កូឡាប