តាកែវ៖ មេទាហានសកម្មពីរនាក់ប្រចាំតំបន់សឹករងស្រុកអង្គរបុរី ត្រូវបានលោកនាង សុភារ៉ា មេបញ្ជាការតំបន់ប្រត្តិបត្តិការសឹករងខេត្តតាកែវ ធ្វើការផ្លាស់ប្ដូរឲ្យទៅកាន់ស្រុកផ្សេង បន្ទាប់កើតរឿងមិនទុកចិត្តផ្ទៃក្នុង ដែលមានរឿងជាបន្តបន្ទាប់ ពាក់ពន្ធ័ករណីអំពើពុករលួយរឿងឆ្វៀលដីបន្ទាយ។
ប្រភពច្បាស់ការបានឲ្យដឹងថា លោកប្រាក់ សុភា និងលោកហ៊ួន ថន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្រុកអង្គរបុរី ត្រូវបានលោកនាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ បានធ្វើផ្លាស់ប្ដូរឲ្យទៅស្រុកផ្សេង ចំណែកលោកគឹម ហាន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្រុកអង្គរបុរី ដែលជាអ្នកឆ្វៀលដីបន្ទាយ សង់អគារដែកយកធ្វើជាកម្មសិទ្ធិ លោកគឹម ហឿន មេបញ្ជាការរងតំបន់សឹករងស្រុកអង្គរបុរី ដែលត្រូវជាបងប្រុសបង្កើតលោកគឹម ហាន មិនដែលចូលបន្ទាយសោះ និងលោកអ៊ូច យី មេបញ្ជាការសឹករងស្រុកអង្គរបុរី ដែលជាមេគំនិតឲ្យលោកគឹម ហាន ឆ្វៀលដីបន្ទាយ រក្សាឲ្យមានតួនាទីនិងនៅក្នុងអង្គភាពដដែល។
ពាក់ព័ន្ធករណីនេះ ត្រូវបានមហាជនលើកឡើងថា ពិតជារឿងអយុត្តិធម៌ណាស់ ដែលមានមេបញ្ជាការមិនបានបែងចែក ខុសត្រូវសឲ្យទៅជាខ្មៅ កូនចៅមិនមានកំហុស បែរជាត្រូវពិន័យ ចំណែកកូនចៅដែលជាចោរលួចដីបន្ទាយ ត្រូវរួចខ្លូន។
គួរបញ្ជាក់ថា ដោយខ្លាចមានទោសទណ្ឌពាក់ព័ន្ធនឹងអំពើពុករលួយ លោកអ៊ូច យី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកអង្គរបុរី បានចេញមុខសារភាពនៅចំពោះមុខកូនៗទាហាន កាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅក្នុងបន្ទាយទាហានស្រុកតែម្ដង។
លោកអ៊ូច យី បានបញ្ជាក់ថា សូមបងប្អូនកុំយល់ច្រឡំ ថាខ្ញុំបានលុយពីដីឆ្វៀលបន្ទាយនេះ ច្រើនឲ្យ
សោះ គឺលោកបានតែ២០០០ដុល្លារទេ ពីលោកគឹម ហាន ដែលជាម្ចាស់សំណង់អគារដែក ហើយលុយ២០០០ដុល្លារនេះ លោកមិនបានយកទៅផ្ទះទេ គឺលោកបានយកមកកសាងចង្ក្រានបាយ នៅក្នុងបន្ទាយដដែលទេ។
ក្រោយពីមានការសាភាពដ៏ស្មោះត្រង់ ចំពោះកូនៗទាហានរួចមក ក៏មានសេចក្ដីរាយការណ៍បញ្ជាក់ទៀតថា រីឯលោកឡេង ខូវ ដែលជាប្រធានភូមិបាលស្រុកអង្គរបុរី មានតួនាទីចុះវាស់វែងឆ្វៀលដីបន្ទាយទាហាន ឲ្យខុសប្លង់ចាស់ គឺទទួលបានលុយតែ២០ម៉ឺនរៀលទេ។
ជុំវិញករណីខាងលើកូនៗទាហានបានដាក់ការសង្ស័យថា ចុះបើលោកអ៊ូច យី មេបញ្ជាការសឹករងស្រុកអង្គរបុរី សារភាពថា បានលុយ២០០០ដុល្លារពីលោកគឺម ហាន ជាមេបញ្ជាការរងសឹកអង្គរបុរី ចុះទម្រាំលោឥក សេក រស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ ដែលទើបចូលនិវត្តន៍ថ្មីៗ ទទួលបានប្រាក់ប៉ុណ្ណាទៅ។
បន្ទាប់ពីមានរឿងដ៏ចម្រោងចម្រាស់ជាបន្តបន្តាប់ រឿងសង់អគាដែកចង់ស៊ីដាច់ដីបន្ទាយទាហាននេះ មួយចំនួន ត្រូវបានក្រុមកូនៗទាហានលួចបញ្ចេញឯកសារ និងឈ្មោះអ្នកចូលរួមពាក់ព័ន្ធ។
តាមប្រភពបានបង្ហាញឲ្យដឹងថា ដីបន្ទាយទាហានផ្នែកសឹករងស្រុកអង្គរបុរី បានចុះបញ្ជីមានចំនួន៥៦៦៤មែត្រក្រឡា តែក្នុងអំឡុងខែមិថុនា ឆ្នាំ២០១៩ ស្រាប់តែគេឃើញលោកឡេង ខូវ ប្រធានភូមិបាលស្រុកអង្គរបុរី លោកអ៊ូច យី មេបញ្ជាការសឹករងស្រុកអង្គរបុរី លោកសេក រស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ បានធ្វើសកម្មភាពចុះវាស់វែងដីបន្ទាយ សាជាថ្មី ដោយវាស់ឆ្វៀលដីសង់អគារដែក ចេញនិងបានធ្វើរបាយការណ៍ថាដីបន្ទាយមួយនេះ សល់តែ៤០០០មែត្រក្រឡាទេ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រោយពីធ្វើសកម្មភាពវាស់ឆ្វៀលដីបន្ទាយទាហាននេះ ឲ្យបាត់ជាង១០០០មែត្រក្រឡា មកកូនៗទានហាននាំគ្នាសង្ស័យថា ដីដែលបាត់នោះ គេមានបំណងឲ្យលោកគឹម ហាន មេញ្ជាការងតំបន់សឹករងស្រុកអង្គរបុរី ដែលចូលធ្វើទាហានបានតែ៣ឆ្នាំ សង់អគាដែក ដើម្បីជួលឲ្យពលរដ្ឋលក់ដូរ គឺជាការបំភ័ន្តភ្នែកមហាជនតែប៉ុណ្ណោះ និងដើម្បីបានដីនេះដោយស្របច្បាប់ធ្វើជាកម្មសិទ្ធិ។
ពាក់ព័ន្ធករណីខាងលើលោកឡេង ខូវ ប្រធានភូមិបាលស្រុកអង្គរបុរី បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មានថា លោកពិតជាបានចុះវាស់វែងមែន តាមការស្នើសុំរបស់ប្រធានអង្គភាព តែលោកមិនទទួលខុសត្រូវ ចំពោះឯកសារអីនោះទេ លោកទទួលស្គាល់តែឯកសារប្លង់ដី របស់បន្ទាយដែល មានស្រាប់ ការវាស់វែងថ្មីនេះ លោកមិនយកជាការនោះទេ។
ចំណែកលោកឌឹម គឹមសាន អភិបាលស្រុកអង្គរបុរី បានឲ្យដឹងថា លោកមិនបានដឹងថាប្រធានភូមិបា
លស្រុក ចុះទៅវាស់វែងដីនេះ និងបានធ្វើការឆ្វៀលឲ្យខ្វះដីខុសពីប្លង់ដើមនោះទេ។
ចំណែកលោកអ៊ូច យី មេបញ្ជាការសឹករងស្រុកអង្គរបុរី បានឲ្យដឹងថា លោកគឹម ហាន មេបញ្ជាការរងតំបន់សឹករងស្រុកអង្គរបុរី ជាអ្នកសាងសង់អគារដែក សម្រាប់ជួលពិតមែន ហើយលោកបានប្រាប់វាដែរថា អាហានអើយ កុំសាងសង់អី នាំតែខាតដើមខាតចុងទេ។
សរុបសេចក្ដីមក ទាំងមហាជន និងកូនៗទាហានប្រចាំក្នុងបន្ទាយនេះ រង់ចាំមើលលោកនាង សុធារ៉ា មេបញ្ជាការតំបន់សឹករងខេត្តតាកែវ ដែលទើបឡើងកាន់ដំណែងថ្មីៗក្ដៅៗ អាចរក្សាចំនួនដី៥៦៦៤មែត្រក្រឡា របស់បន្ទាយសឹករងស្រុកអង្គរបុរី ឲ្យគង់វង់តាមប្លង់ចាស់បានដែរឬទេ៕ ដោយ៖តាកែវ