ខេត្តស្វាយរៀងៈ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់លើការងារសំខាន់ៗមួយចំនួន និងផែនការសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក។
លោកអភិបាលខេត្តស្វាយរៀង បានលើកឡើងថា កម្ពុជាធ្លាប់ឆ្លងកាត់ហើយនូវរបបខ្មៅងងឹតអស់រយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ ហើយទម្រាំបានរស់សុខស្រួល ដូចបច្ចុប្បន្ននេះ គឺដោយសារការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដូច្នេះបើគ្មានសន្តិភាព មិនបាច់និយាយដល់ការអភិវឌ្ឍនោះទេ យើងត្រូវតែរួមគ្នាការពារសន្តិភាពនេះ ឱ្យបានស្ថិតស្ថេរគង់វង្សជានិរន្តរ៍ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសិទ្ធិគ្រប់បែបយ៉ាង ក្នុងការប្រកបការងារចិញ្ចឹមជីវិត ព្រមទាំងមានឱកាសគ្រប់គ្រាន់ក្នុងការដើរហើរ និងសិក្សាលើមុខជំនាញផ្សេងៗផងដែរ។
លោកបានបន្តថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួម ទប់ស្កាត់បដិវត្តន៍ពណ៌ដែលកើតចេញពីក្រុម ឧទ្ទាមក្រៅច្បាប់ដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី កំពុងប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
ជាចុងបញ្ចប់លោក ម៉ែន វិបុល អភិបាលខេត្តបានផ្តាំផ្ញើដល់ អភិបាលក្រុងស្រុក មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវខិតខំអនុវត្តន៍តួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមអនុវត្តន៍នូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា៕ដោយ៖ វ៉ៃកូ