អតីតនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី គឺលោក Mahathir Mohamad ត្រូវបានគណបក្សប្រឆាំងរបស់លោកជ្រើសរើសជាថ្មីម្តងទៀតឲ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតនាយករដ្ឋមន្ត្រីនាពេលខាងមុខ ទោះបីពេលបច្ចុប្បន្នលោកមានអាយុ ៩២ឆ្នាំទៅហើយនោះ។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោក Mahathir Mohamad ត្រូវបានជ្រើសរើសជាបេក្ខភាពនាយករដ្ឋមន្ត្រី ដើម្បីចូលរួមការបោះឆ្នោតដែលនឹងត្រូវប្រព្រឹត្តទៅនៅខែ សីហាខាងមុខនេះ។
កាលពីឆ្នាំ ២០០៣ លោក បានចុះចេញពីតំណែងនាយករដ្ឋមន្ត្រី ក្រោយពេលកាន់អំណាចអស់ជាង ២០ឆ្នាំ។
ប្រសិនជាឈ្នះការបោះឆ្នោតនៅពេលខាងមុខ លោកនឹងក្លាយជាមេដឹកនាំដែលមានវ័យចំណាស់បំផុតក្នុងពិភពលោក។
លោក Mahathir Mohamad ដែលគេមើលឃើញថាជាមេដឹកនាំផ្តាចការក្នុងកំឡុងពេលកាន់តំណែង បានធ្វើឲ្យប្រទេសម៉ាឡេស៊ីក្លាយជាខ្លាសេដ្ឋកិច្ចនៅតំបន់អាស៊ី។
ប៉ុន្តែក្នុងកំឡុងការដឹកនាំ លោកបានចាត់វិធានការយ៉ាងតឹងរឹងប្រឆាំងដល់អ្នកទាំងឡាយណាដែលប្រឆាំង ឬគំរាមកំហែងដល់អំណាចរបស់លោក។
ក្រោមការគ្រប់គ្រងរបស់លោក Mahathir Mohamad អតីតអនុនាយករដ្ឋមន្ត្រី Anwar Ibrahim ត្រូវបានបណ្តេញចេញពីតំណែងដោយសារតែមានការខ្វែងគំនិតនយោបាយគ្នា និងត្រូវបានដាក់គុករយៈពេល ៦ឆ្នាំពីបទរួមភេទដូចគ្នា និងបទពុករលួយ។
ប៉ុន្តែអតីតមេដឹកនាំទាំងពីរ បានទុករឿងអតីតកាលរបស់ពួកគេទាំងពីរ ដោយឡែកសិន ដើម្បីពួតដៃគ្នាប្រកួតប្រជែងជាមួយនឹងនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក Najib Razak៕ សុភ័ក្ត្រ