Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី មូរ សុខ​ហួរ ប្រាប់​សកម្មជន​ទាំងអស់ សូម​ផ្អាក​ផែនការ​វិលត្រឡប់​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ព្រោះ​ខ្លាច​គេ​ចាប់ខ្លួន​

​ភ្នំពេញ ​៖ ​លោកស្រី មូរ សុខ​ហួរ ខ្លាច មិន​ហ៊ាន​មកដល់​កម្ពុជា ត្រូវ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់ខ្លួន ក្នុង​អំពើ​ក្បត់ជាតិ​។ លោកស្រី មូរ សុខ​ហួរ រត់​ទៅដល់​អាមេរិក​វិញ​ហើយ​នោះ បាន​និយាយថា សកម្មជន​ទាំងអស់ សូម​ផ្អាក​ផែនការ​នៃ​ការវិលត្រឡប់​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដែល​កំណត់ដោយ​លោក​ប្រធាន សម រង្ស៊ី​សិន ដើម្បី​ការពារ​ខ្លួន​ពី​សំណាញ់​ច្បាប់​។​

​លោកស្រី មូរ សុខ​ហួរ មនុស្ស​ជំនិត​របស់​ទណ្ឌិត សម រង្ស៊ី និង​ជា​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រត់​ទៅដល់​សហរ​ដ្ឋ អាមេរិក​វិញ​ហើយ នៅ​ថ្ងៃទី​២៤ ខែ តុលា ឆ្នាំ​២០១៩ ក្រោយ​ផែនការ​ប៉ុន ប៉ង​ធ្វើ​រដ្ឋប្រហារ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បរាជ័យ​នៅលើ​ទឹកដី​ប្រទេស​ថៃ តាមរយៈ​អាជ្ញាធរ​ថៃ​បិទ​មិន​ឲ្យ​ចូល​ទឹកដី​របស់ខ្លួន​។ លោកស្រី ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន ដែល​កំពុងមាន​វត្តមាន​នៅ ក្នុង​តំបន់​អាស៊ី​ក៏​មិនទាន់​ហ៊ាន​ធ្វើដំណើរ​ដោយ​សេរី​ទេ ព្រោះ​អាច​ប្រឈមមុខ​នឹង​ការចាប់​បញ្ជូន ឬ​ត្រូវបាន​គេ​បណ្តេញចេញ​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ អនុប្រធាន គណបក្ស​សង្គ្រោះ​ជាតិ សូម​ជម្រាបជូន​បងប្អូន​ពល​រដ្ឋ​ខ្មែរ​ទាំង​នៅក្រៅ​ប្រទេស និង​ក្នុងប្រទេស​កម្ពុជា​ថា “​ខ្ញុំ​បានមក​ដល់​ទឹកដី​សហរដ្ឋអាមេរិក​វិញ​ហើយ​បន្ទាប់ពី​ត្រូវបាន​អាជ្ញាធរ​ថៃ​បាន​ហាមឃាត់​មិនឱ្យ​ខ្ញុំ​ឆ្លង​ព្រំដែន ឬ​ចាក​ចេញពី​ព្រលានយន្តហោះ​ឡើយ ដោយបាន​លើក​ហេតុផល​ថា ខ្ញុំ​ស្ថិតនៅក្នុង​បញ្ជីខ្មៅ​ដែល​ត្រូវបាន​ហាមឃាត់​។ ជំនួស​ដោយ​ការធ្វើដំណើរ​ទៅកាន់​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី ដែល​អាច​ត្រូវ​អាជ្ញាធរ​នៅ​ទីនោះ បណ្តេញចេញ​ម្តងទៀត ខ្ញុំ​បានសម្រេច​ចិត្ត​វិលត្រឡប់​ត្រឡប់​មកកាន់​សហរដ្ឋ​អាមេរិក​។ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន ដែល​កំពុងមាន​វត្តមាន​នៅ ក្នុង​តំបន់​អាស៊ី​ក៏​មិនទាន់​ហ៊ាន​ធ្វើដំណើរ​ដោយ​សេរី​ទេ ព្រោះ​អាច​ប្រឈមមុខ​នឹង​ការចាប់​បញ្ជូន ឬ​ត្រូវបាន​គេ​បណ្តេញចេញ​។​

​លោកស្រី សូមជម្រាបថា ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ដំណើរ​វិវត្តន៍​របស់លោក​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ សម រង្ស៊ី មើលឃើញថា ស្ថានភាព​នៃ​ការវិលត្រឡប់​មកវិញ​នេះ​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន ដូចជា​ចំណាត់ការ​ផ្លូវច្បាប់​របស់​រដ្ឋាភិបាល នៃ​ប្រទេស​នានា​រាប់ទាំង​របប​ក្រុងភ្នំពេញ​ប្រឆាំង​និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចោទប្រកាន់​ពីបទ​ឧបឃាត និង​ការរួម​គំនិត​ក្បត់ ក៏ដូចជា​ការបែកបាក់​ផ្ទៃក្នុង​ខ្ទេចខ្ទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​រចនាសម្ព័ន្ធ​ចាស់ ដែល​ជាការ​ចងសម្ព័ន្ធ​ភាពជា​មួយ​​លោក​​ប្រធាន កឹម សុខា និង​រចនាសម្ព័ន្ធ​ថ្មី​ក្រោយ​លោក​ប្រធាន សម រង្សី បាន​ឡើង​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងនាម​ប្រធានស្តីទី​តាមរយៈ​សន្និបាត​ពិភពលោក បក្ស​សង្គ្រោះ​ជាតិ កាលពី​ខែធ្នូ​ឆ្នាំ​២០១៨​។​

​ការលំបាក​នេះ ដោយសារតែ​មួយផ្នែក​ផែនការ​បដិវត្តន៍​ពណ៌ ដែល​រៀបចំឡើង​ក្រោមលេស​នៃ​ការវិល​ត្រឡប់មកវិញ​របស់លោក​ប្រធាន សម រង្ស៊ី ត្រូវបាន​បែកការណ៍ ហើយ​សកម្មភាព​ដែល​បានទទួល​ផែនការ​ផ្ទាល់​ពី​លោក​ប្រធាន នៅ​ប្រទេស​ម៉ាឡេស៊ី​ខ្លះ​ត្រូវបាន​ចាប់ខ្លួន និង​ខ្លះទៀត​ត្រូវបាន​រត់គេចខ្លួន​។​

​ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​មាតុភូមិនិវត្តន៍ លោកស្រី មូរ សុខ​ហួរ សូម​អំពាវនាវ​ដល់​ស​កម្ម​ជន សូម​ផ្អាក​ផែនការ​នៃ​ការវិលត្រឡប់​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដែល​កំណត់ដោយ​លោក​ប្រធាន សម រង្ស៊ី​សិន​ដើម្បី​ការពារ​ខ្លួន​ពី​សំណាញ់​ច្បាប់​។​

​លោកស្រី មូរ សុខ​ហួរ ដែល​ពេលនេះ​បានធ្វើ​ដំណើរ​ទៅដល់​សហរដ្ឋអាមេរិក​វិញ​ហើយ នេះ​បើតាម​ការអះអាង​របស់ លោក ស្រី​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI យ៉ាង​ដូច្នេះ​។ កាលពី​យប់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ លោកស្រី មូរ សុខ​ហួរ បាន​សារភាពថា លោកស្រី​ពិតជា​ត្រូវ​នគរបាល​អន្តោរ​ប្រវេសន៍​ថៃ មិន​អនុញ្ញាត​ឱ្យចូល​ទៅកាន់ ប្រទេស​ថៃ​ពិតប្រាកដ​មែន​។ លោកស្រី មូរ សុខ​ហួរ បាន​អះអាង​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា ពួកគេ​បានឱ្យ​ខ្ញុំ​ស្ថិតនៅក្នុង​បន្ទប់​ពិសេស​មួយ ពួកគេ (​អាជ្ញាធរ​ថៃ​) នៅតាម​ឃ្លាំមើល​ខ្ញុំ ហើយ​បន្ទាប់មកទៀត​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍ Malaysian Airlines បាន​ប្រឹងប្រែង​ស្វែងរក​ជើងហោះហើរ​ថ្មី ឱ្យ​ខ្ញុំ​ត្រឡប់​ទៅកាន់​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​វិញ​។ នគរបាល​អន្តោប្រវេសន៍​ថៃ កាលពី​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ ២០១៩ បាន​បិទ​មិនឱ្យ​លោកស្រី មូរ សុខ​ហួរ ហោះចូល​ទៅកាន់​ប្រទេស​របស់ខ្លួន​នោះទេ ដោយសារតែ​លោក ស្រី​មានឈ្មោះ​នៅក្នុង​បញ្ជីខ្មៅ​ជាមួយ​ទណ្ឌិត សម រង្ស៊ី មេ​រដ្ឋប្រហារ​ខុសច្បាប់​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោកស្រី មូរ សុខ​ហួរ ជា​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​បុគ្គល​សំខាន់​មួយរូប ក្នុងការ​ចូលរួម​រៀបចំ​ផែន​ការធ្វើ​រដ្ឋប្រហារ​ខុសច្បាប់​របស់ លោក សម រង្ស៊ី ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា ។ កាលពីពេល​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជូន​សាលដីកា​អំពី​ការចាប់ខ្លួន​លោក សម រង្ស៊ី និង​បក្ខពួក​ទៅកាន់ ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​រួចហើយ​។ ផ្អែក​តាម មាត្រា​២ នៃ​ធម្មនុញ​អា​​ស៊ាន បាន​ចែងថា រដ្ឋ​ជា​សមាជិក​អាស៊ាន មិនត្រូវ​ចូលរួម​ក្នុង​គោលនយោបាយ ឬ​សកម្មភាព​ណាមួយ ដែល​រួមមាន​ការដាក់ឱ្យ​ប្រើប្រាស់​នូវ​ទឹកដី​របស់ខ្លួន​ឱ្យ​រដ្ឋ​សមាជិក​អាស៊ាន ឬ​រដ្ឋ​មិនមែនជា​សមាជិក​អាស៊ាន ឬ​ឱ្យ​តួអង្គ​ដទៃទៀត​ដែល​ពុំមែន​ជា​រដ្ឋ គំរាម​គំហែង​ដល់​អធិបតេយ្យភាព បូរណភាព​ទឹកដី ឬ​ស្ថិរភាព​សេដ្ឋកិច្ច និង​នយោបាយ​របស់​រដ្ឋ​សមាជិក​អាស៊ាន​ណាមួយ​ឡើយ​។ កាលពី​ថ្ងៃទី ៣ ខែតុលា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី និង​ភរិយា រួម​និង​មនុស្ស​ជំនិត​៧​រូប​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។ ជន​ដែល​ត្រូវបាន​តុលាការ​បង្គាប់​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​នេះ​រួម មាន ៖ ទណ្ឌិត សម រង្ស៊ី និង​ភរិយា លោកស្រី ជូ​ឡុង សូ​មួ​រ៉ា​, លោក អេង ឆៃអ៊ាង​, លោកស្រី មូរ សុខ​ហួរ​, លោក អ៊ូ ច័ន្ទ​ឫទ្ធិ​, លោក ហូរ វ៉ាន់​, លោក ឡុង រី​, លោក ម៉ែន សុថា​វរិ​ន្ទ្រ និង​លោក នុត រំដួល​។ ជន​ត្រូវ​ចោទ​ទាំង​៩​រូប ត្រូវបាន​ចោទប្រកាន់​នៅ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ពីបទ ឧបឃាត ដោយ​យោងតាម​មាត្រា ២៧ និង ៤៥១​នៃ​ក្រមព្រហ្មទណ្ឌ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×