ប្រទេសកូរ៉េខាងជើង និងខាងត្បូង នៅថ្ងៃអង្គារនេះ បានចាប់ផ្តើមបើកកិច្ចប្រជុំកំរិតខ្ពស់ ក្រោយពេលខកខានមិនបានប្រជុំជាមួយគ្នាអស់រយៈពេល ២ឆ្នាំ។
កិច្ចប្រជុំលើកដំបូង ដែលធ្វើនៅផ្ទះសន្តិភាព ស្ថិតក្នុងភូមិ Panmunjom នឹងផ្តោតសំខាន់ទៅលើការចូលរួមរបស់អត្តពលិកកូរ៉េខាងជើងចូលរួមក្នុងកីឡាអូឡាំពិចរដូវរងា ដែលកូរ៉េខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះនៅខែក្រោយ។
កូរ៉េខាងត្បូងបាននិយាយថា ខ្លួនក៏នឹងលើកឡើងពីវិធីសាស្ត្រដើម្បីបង្កើនទំនាក់ទំនងឲ្យកាន់តែល្អរវាងប្រទេសកូរ៉េទាំងពីរ។
សូមរំលឹកផងដែរថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹងកាន់តែខ្លាំង ចាប់តាំងពីមានកិច្ចប្រជុំលើកចុងក្រោយបង្អស់នៅក្នុងឆ្នាំ ២០១៥។
ទំនាក់ទំនងរវាងប្រទេសទាំងពីរបានបែកបាក ក្រោយពេលកូរ៉េខាងត្បូងបានព្យូរគំរោងសេដ្ឋកិច្ចរួមនៅតំបន់ឧស្សាហ៏កម្មកែសុង (Kaesong) ស្ថិតក្នុងប្រទេសកូរ៉េខាងជើង ដោយសារតែការធ្វើតេស្តសាកល្បងមីស៊ីល និងនុយក្លេអ៊ែររបស់របបព្យុងយ៉ាង។
ជាការឆ្លើយតបវិញ កូរ៉េខាងជើងក៏បានបញ្ចប់ទំនាក់ទំនងទាំងអស់ជាមួយនឹងកូរ៉េខាងត្បូង រួមមានការកាតផ្តាចទូរស័ព្ទសំរាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ភាពតានតឹងរឹតតែកើនឡើងខ្លាំង នៅឧបទ្វីប ចាប់តាំងពីកូរ៉េខាងជើងបានអភិវឌ្ឍន៏កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន និងបានធ្វើការបាញ់សាកល្បងជាញឹកញាប់៕ សុភ័ក្ត្រ