ខេត្តស្វាយរៀង៖ លោក ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារ ចុះជួយខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងទាំងអស់ ដាច់ខាតមិនឲ្យជនក្បត់ជាតិ សម រង្ស៊ីនិងបក្ខពួកបង្កអសន្តិសុខបំផ្លាញសុខសន្តិភាព ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ជាដាច់ខាត ។ ហើយត្រូវចាំថាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺជាកម្មវិធីហូបអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ។
ការថ្លែងបែបនេះ នៅគ្រាដែលលោក ជៀង អំ អញ្ជើញចូលរួមសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញមកពីបណ្តាភូមិទាំង៩ ក្នុងឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ហើយនៅក្នុងឱកាសនោះ ក៏មានការប្រកាសក្រុមការងារចុះជួយតាមភូមិនិងការបញ្ចូលសមាជិកថ្មីចំនួន១៦២នាក់ក្នុងនោះមានស្ត្រីចំនួន ៨៧នាក់។
លោក ជៀង អំ ក៏បាននាំមកនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជរាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនដល់អង្គពិធីផងដែរ។
លោកបានមានប្រសាសន៍បន្តថា ប្រទេសកម្ពុជាយើងបានឆ្លងកាត់នូវភ្លើងសង្គ្រាម ឥតឈប់ឈរ តែដោយសារការដឹនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្រោមនយោបាយឈ្នះ ឈ្នះធ្វើឲ្យប្រទេសកម្ពុជាទាំងមូល ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដូច្នេះមិនអាចឲ្យក្រុមក្បត់ជាតិណាមកបំផ្លាញបានឡើយ ព្រោះសន្តិភាពនេះ រកដោយលំបាកណាស់ទម្រាំមកដល់ថ្ងៃនេះ។
លោកបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងកម្លាំងត្រូវខិតខំការពាសន្តិសុខណ្តាប់ធ្នាប់ សាធារណៈឲ្យបានល្អប្រសើរ អនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឲ្យទទួលបានជោគជ័យ និងត្រូវផ្តល់សេវាសាធារណៈឲ្យបានល្អប្រសើរ ទាំងសេវាសំណូមពរ និងសេវាតម្រូវការ គឺធ្វើយ៉ាងណាមិនឲ្យពលរដ្ឋមានការថ្នាំងថ្នាក់ឡើយ។ មួយវិញទៀត ត្រូវប្រាប់ក្រុមពួកសកម្មជន អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោលហើយនោះ កុំជឿតាមការបំផុសបំផុលញុះញង់ ពីទណ្ឌិតសម រង្ស៊ី និងបក្ខពួក ដែលមកចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺនាំតែមានទោសទណ្ឌតាមទណ្ឌិតសម រង្ស៊ីតែប៉ុណ្ណោះ ព្រោះតុលាការកំពុងស្វែងរកចាប់ខ្លួនទណ្ឌិតនេះ គឺគិតតែខិតខំរកស៊ីចិញ្ចឹមគ្រួសារឲ្យមានជីវភាពរីកចម្រើន ដោយគ្មានអតីតគណបក្សសង្គ្រោះជាតិរស់ឡើងវិញទ្បើយ។
ម៉្យាងទៀតចំពោះសមាជិកបក្សថ្មី ដែលត្រូវធ្វើពិធីបញ្ចូលជាផ្លូវការនាពេលនេះ ត្រូវ ១.មានចិត្តស្មោះត្រង់ចំពោះគណបក្ស ២.គោរពជឿជាក់ទៅតាមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ជាប្រធានគណបក្ស ៣.អនុវត្តន៍ទៅតាមគោលនយោបាយ របស់គណបក្ស ៤.ត្រូវបោះឆ្នោតគាំទ្រគណបក្សប្រជាជនជាដាច់ខាត ៥.ត្រូវចូលរួមឃោសនាអូសទាញ សមាជិកបក្សផ្សេងៗ ឱ្យមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន ដោយជ្រកក្រោមដំបូលសន្តិភាពតែមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តតេជា ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕ដោយ៖ វ៉ៃកូ