ភ្នំពេញ៖ ជនដៃដល់ម្នាក់ ដែលប្រើដែកឆាបចាក់សម្លាប់យុវជនម្នាក់ ត្រូវកងកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវចាប់ខ្លួនបានហើយនៅយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នៅខណ្ឌពោធិ៍សែនជ័យ។
មន្ដ្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ក្រោយពីមានអំពើឃាតកម្មនេះកើតឡើង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ផ្នែកអន្ដរាគមន៍ពិសេសរបស់ខណ្ឌ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនដៃដល់ម្នាក់ ប៉ុន្តែសមត្ថកិច្ចមិនទាន់បង្ហាញពីអត្តសញ្ញាណជនដៃដល់នេះទេ។ កងកម្លាំងនគរបាល ក៏បានឃាត់ខ្លូនជនសង្ស័យម្នាក់ទៀត ដែលជាមិត្តភក្តិរបស់ជនរងគ្រោះ ដែលពាក់ព័ន្ធជាមួយអំពើលួច។
សូមបញ្ជាក់ថា យុវជនម្នាក់ឈ្មោះ ប៊ុន ធឿនធារ៉ា អាយុ១៧ឆ្នាំ មុខរបរស៊ីឈ្នួលមើលទា បច្ចុប្បន្នស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានឃាតករដេញកាប់សម្លាប់ ដាច់ខ្យល់ស្លាប់ នៅរំអធ្រាត្រឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយផឹកស្រា ពីកន្លែងកើតចំងាយប្រហែលជា៥០ម៉ែត្រ ដោយមានគ្នាចំនួន៥នាក់ ខណៈអង្គុយផឹកស្រាបានមួយសន្ទុះ ក៏មានមិត្តភ័ក្រជនរងគ្រោះម្នាក់ទៀត មកហៅជនរងគ្រោះចេញទៅបាត់ មិនដឹងចេញណាទេ លុះមកដល់ម៉ោងប្រហែលជាង១យប់ ជនរងគ្រោះត្រឡប់មកវិញ ដោយមានស្នាមរបួសពេញខ្លួន ហើយបានស្រែកហៅឲ្យពូជួយ ពេលនោះពូជនរងគ្រោះក៏ចុះពីលើផ្ទះ ហើយក៏បានឃើញជនរងគ្រោះប្រកាច់ស្លាប់បាត់ទៅហើយ៕ ដោយ៖បញ្ញាស័ក្តិ