ភ្នំពេញ៖ លោកម៊ុត ចន្ថា អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី៣០តុលានេះថា “លោកស្រី មូរ សុខហួរ បានទទួលស្គាល់ជាសាធារណៈហើយថា អ្នកគាំទ្ររបស់ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ គឺជា “ក្រុមត្រឹមត្រូវ៣។ ជាមួយគ្នានេះដែរ លោកស្រី សុខហួរ បានទទួលស្គាល់ថាក្រុមអ្នកគាំទ្រលោក សម រង្ស៊ី ប្រធានស្តីទីដែលត្រូវបានលើកបន្តុបក្លែងក្លាយ គឺជា “ក្រុមបោកប្រាស” មែន”។
លោក បានថ្លែងបន្តថា លោកស្រី មូរ សុខហួរ សម្តែងការមិនពេញចិត្តចំពោះ “ក្រុមត្រឹមត្រូវ” ដែលមានបំណងស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ហើយថាបើសិនក្រុមត្រឹមត្រូវមិនហ៊ានធ្វើ ទុកឲ្យក្រុមបោកប្រាសរបស់គាត់ធ្វើវិញ។
លោកបានបញ្ជាក់ថា ការដោះស្រាយបញ្ហាអ្វីមួយមិនសំខាន់ដូចសត្វស្វាលេងប៉ាហ៊ី ទើបកំណត់បានជាសកម្មភាពដោះស្រាយបញ្ហានោះទេ។ ជាញឹកញាប់ គេសង្កេតឃើញថា សត្វស្វាលេងប៉ាហ៊ីគ្រាន់តែដើម្បីលក់ថ្នាំរកលុយចូលហោរប៉ៅឲ្យម្ចាស់ប៉ុណ្ណោះ ប៉ុន្តែថ្នាំនោះនៅតែអត់មានប្រសិទ្ធភាពដដែល។
លោកម៊ុត ចន្ថា បានលើកឡើងថា “លោក កឹម សុខា និងគោលការណ៍របស់គណបក្សសង្រ្គោះជាតិ (CNRP) មិនមានចេតនា មិនមានផែនការ និងមិនធ្វើនយោបាយដោយហិង្សាជាដាច់ខាត។ ជារឿយៗ លោក កឹម សុខា ក្នុងនាមប្រធានគណបក្ស តែងតែណែនាំទាំងផ្ទៃក្នុងបក្ស ទាំងថ្លែងការណ៍ជាសារធារណៈថារូបលោក ក៏ដូចជាគណបក្សសង្គ្រោះជាតិ ប្រកាន់ខ្ជាប់នូវគោលការណ៍អហឹង្សា។ អ្នកណាចង់ប្រើអំពើហឹង្សាទៅណាឲ្យឆ្ងាយពី CNRP “៕ដោយ៖កូឡាប