ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រកាសថា នៅ ថ្ងៃសុក្រទី១ ខែ វិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) មានកិច្ចប្រជុំរវាង គ.ស.ម.ក. ដឹកនាំដោយលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគ.ស.ម.ក. ជាមួយនិងប្រតិភូនៃការិយាល័យឧត្តមស្នងការ អ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដឹកនាំដោយលោក Pradeep Wagle ដែលក្នុងនោះក៏មានប្រតិភូជាតំណាងអង្គទូតប្រចាំហ្សឺណែវនៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន ៧ប្រទេស ដូចជា ដាណឺម៉ាក ចក្រភពអង់គ្លេស ស៊ុយអែត ហូឡង់ ហ្វាំងឡង់ អៀឡង់ និងន័រវេស។
កិច្ចប្រជុំពិភាក្សាបាន ផ្តោតសំខាន់ទៅលើកិច្ចហប្រតិបត្តិការរវាងគ.ស.ម.ក. និងការិយាល័យឧត្តមស្នងការ អ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ការងាររបាយការណ៍ពិនិត្យជាសកលតាមកាលកំណត់និងរបាយការណ៍សិទ្ធិមនុស្សតាមសន្ធិសញ្ញា បញ្ហា EBA ព្រមទាំងយន្តការរបស់គ.ស.ម.ក. ក្នុងការដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងបញ្ហាប្រឈមនានា។
លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជា បានលើកឡើងនូវចំណុចសំខាន់ចំនួន៦ ប្រាប់ទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងបណ្តាអង្គទូតរបស់សហភាពអឺរ៉ុបដូចខាងក្រោម៖
១ – សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពជាគោលការណ៍ឱ្យបន្តអាណត្តិការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស ប្រចាំកម្ពុជា និងអ្នករាយការណ៍ពិសេសអង្គការ សហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជាបន្តទៀត។
២ – គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា តែងតែធ្វើការជាដៃគូនឹងគ្នា និងបានសហការគ្នាជាច្រើន ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា រួមមាន ការធ្វើសិក្ខាសាលា ការសរសេររបាយការណ៍សិទ្ធិមនុស្ស ការបណ្ដុះបណ្ដាលសមត្ថភាពមន្ត្រី ក្នុងការសរសេររបាយការណ៍សិទ្ធិមនុស្ស ការធ្វើវីដេអូអប់រំពីសិទ្ធិមនុស្ស ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ការពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារ និងកិច្ចការជាច្រើនទៀត។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅតែត្រូវការនូវកិច្ចសហការបន្តជាមួយការិយាល័យឧត្តមស្នងការ និងបើកចំហរទ្វាក្នុងកិច្ចសហការជាមួយអង្គការសង្គមសុវិល លើការងារសិទ្ធិមនុស្ស និងការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។
៣ – ការបង្កើតក្រុមការងារបច្ចេកទេសចម្រុះ ដែលនឹងមានការចូលរួមពីស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ហើយដែលយន្តការនេះ នឹងអាចទាញភាគីទាំងអស់ចូលរួម ជាមួយគ្នាក្នុងកិច្ចការសិទ្ធិមនុស្ស។ ក្រុមការងារនេះនឹងដឹកនាំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការជាសហប្រធាន សម្រាប់សម្របសម្រួលលើការងាររៀបចំ សិក្ខាសាលា ការពិគ្រោះយោបល់លើ ការសរសេររបាយណ៍សិទ្ធិមនុស្ស តាមសន្ធិសញ្ញា រួមនឹងការចូលរួមតាមដាន នូវការអនុវត្តអនុសាសន៍ នៃសន្ធិសញ្ញាសិទ្ធិមនុស្ស។
៤- ការដោះស្រាយវិវាទដីធ្លីក្នុងការងាររបស់ធុររកិច្ច គឺរាជរដ្ឋាភិបាលជាពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តែងតែយកចិត្តទុកដាក់ក្នុងការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ ដោយគោរពគោលការណ៍នៃការអភិវឌ្ឍនៅនឹងកន្លែង និងការដោះស្រាយសំណងជូនប្រជាពលរដ្ឋតាមការព្រមព្រៀង និងដោយសន្តិវិធីចៀសវាងនូវការរំលោភសិទ្ធិមនុស្ស។
៥ – គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានយន្តការនៃការទទួល និងដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សពីប្រជាពលរដ្ឋ។ ការទទួលពាក្យបណ្ដឹងឃើញថា មានការកើនឡើង ដែលនេះមិនមែនមានន័យថាមានការរំលោភសិទ្ធិមនុស្សកើនឡើងទេ តែជាការជឿជាក់ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើយន្តការដោះស្រាយបណឹ្តងរបស់ គ.ស.ម.ក។
៦ – ពាក់ព័ន្ធនឹងបញ្ហា EBA គឺសូមថ្លែងអំណរគុណសហភាពអឺរ៉ុប ដែលបានផ្ដល់ EBA ដល់កម្ពុជា ដែលកន្លងមកបានជួយមួយចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងសំណូមពរដល់សហភាពអឺរ៉ុបបន្តផ្ដល់ EBA ដល់កម្ពុជា ព្រោះអឺរុប បានជួយកម្ពុជាជាយូរមកហើយ គួរបន្តជួយឱ្យចប់ចុងចប់ដើម ចៀសវាងឈប់ពាក់កណ្តាលទីដែលមានន័យថាស្មើមិនបានជួយ ដើម្បីផលប្រយោជន៍ភាគីទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ទន្ទឹមគ្នានេះ សូមកោតសរសើរ និងថ្លែងអំណរគុណដល់ប្រទេសអង់គ្លេស ដែលបានបង្ហាញនូវជំហរ ក្នុងការបើកចំហរទំនាក់ទំនងផ្នែកពាណិជ្ជកម្មជាមួយកម្ពុជាទោះជាមាន ឬគ្មាន EBA៕ ដោយ៖កូឡាប