Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និង JICA ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​គម្រោង អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុ​​ង​រាជធានី​ភ្នំពេញ ប្រមាណ​ជា ២៧ លាន​ដុល្លារ​

​ភ្នំពេញ​៖ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​១​ខែវិច្ឆិកា​នេះ​ថា លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ និង លោក Yuichi SUGANO ប្រធាន​តំណាង JICA ប្រចាំ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​គម្រោង អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ (The Project for Sewerage System Development in Phnom Penh) ដែលមាន​ទឹកប្រាក់​ចំនួន ២ ៧៧៧ លាន​យ៉េន (​ប្រមាណ​ជា ២៧ លាន​ដុល្លារ​អាមេរិក​), នៅ​ថ្ងៃ​សុក្រ ​ត្រូវ​នឹង​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​នេះ មាន​ទិសដៅ​ចម្រោះ​ទឹក​កខ្វក់​មុនពេល​បង្ហូរ​ចូល​ទន្លេ តាមរយៈ​ការសាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​មួយ កន្លែង​នៅ​បឹង​ជើងឯក​ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​បំពង់​បង្ហូរទឹក​កខ្វក់​ដែលមាន​ប្រវែង ២០០០​ម៉ែត្រ មានមុខ​កាត់ ៥០០​មិល្លីម៉ែត្រ ត​ភ្ជាប់​ពី​ស្ថានីយ​បូមទឹក​បឹងត្របែក ។

​រោងចក្រ​ប្រព្រឹត្ត​កម្មនេះ មាន​សមត្ថភាព ចម្រោះ​ទឹក​កខ្វក់​បាន​៥០០០​ម៉ែត្រគូប ក្នុង​មួយថ្ងៃ​។ ការសាងសង់​នឹងត្រូវ​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០២០ ដែលមាន​រយៈពេល​ប្រមាណ​៣២​ខែ​។ បន្ថែម​ពីលើ​ការសាងសង់​គម្រោង ក៏​នឹង​ផ្តល់ជំនួយ​បច្ចេកទេស​សម្រាប់​ពង្រឹង​សមត្ថភាព​មន្ត្រី ក្នុងការ​គ្រប់គ្រង​រោងចក្រ​ដំណើរការ និង​ហិរញ្ញវត្ថុ​ផងដែរ​។

​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​នេះ ជា​គម្រោង​បំពេញបន្ថែម​ឲ្យ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​១ ទី​២ ទី​៣ និង​ទី​៤ ដែល​ត្រូវបាន​សាងសង់ ដោយ​ហិរញ្ញប្បទាន​ឥត​សំណង របស់​ប្រទេស​ជប៉ុន​ផងដែរ​។ គម្រោង​នេះ នឹងចូលរួម​ចំណែក​ដ​ល់​កិច្ចខិតខំ​ប្រឹងប្រែង របស់​សាលា​រាជធានី​ភ្នំពេញ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ឆ្លើយតប​យ៉ាង​ជាក់ច្បាស់ ទៅនឹង​សេចក្តីត្រូវការ​ជា​អាទិភាព ក្នុងការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដែល​នាំមក​នូវ​ការការពារ និង​លើកកម្ពស់​គុណភាព​ទឹក និង​អនាម័យ​បរិស្ថាន ស្របទៅនឹង​មុំ ទី​១ នៃ​ចតុកោណ​ទី​៤ ដូច​មានចែង​ក្នុង ឯកសារ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង ដែល​ត្រូវ​ចុះហត្ថលេខា​នេះ គឺជា​ឯកសារ​គតិយុត្តិ​មួយទៀត បន្ទាប់​ពិ​លិខិត​ប្តូរ​សារ ដែល​ទើប​ត្រូវបាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩ កន្លងទៅ រវាង​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ដែល​អាច​នា​ឲ្យ​ឈានទៅដល់​ការអនុវត្ត​នីតិវិធី បន្តបន្ទាប់​ទៀត សម្រាប់​ការអនុវត្ត​គម្រោង​ជាក់ស្តែង​។​

​ជារួម ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ផ្លូវការ (Japanese ODA) ពី​ប្រទេស​ជប៉ុន និង​ប្រជាជន​ជប៉ុន ឬ​និយាយ​ឲ្យ​ចំ​ទៅ​ថា “​អ្នក​បង់ពន្ធ​ជប៉ុន​” ចាប់ពី​ដំណើរការ កសាង​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា រហូតមកដល់​បច្ចុប្បន្ន មាន​ចំនួន​សរុប​ប្រមាណ​ជាង ៥០០០​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​មាន​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​ជាង ៣៥០០​លាន​ដុល្លារ​អាមេរិក​៕​ដោយ​៖​កូ​ឡាប​

×