កាលពីថ្ងៃ ៨/១ ដងវិថីជាច្រើននៅភាគបូព៌ាសិង្ហបុរី បានរងការជន់លិចយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីភ្លៀងបានធ្លាក់យ៉ាងធំមួយ ជាហេតុនាំឲ្យចររាចរណ៍តាមផ្លូវមានការកកស្ទះខ្លាំង។
ស្ថាប័នគ្រប់គ្រងធនធានទឹកសិង្ហបុរី (PUB) ឲ្យដឹងថា ស្ថានភាពលិចលង់នេះ បានកើតឡើងនៅដងវិថីសំខាន់ៗ៣ នាតំបន់ប៉ែកបូព៌ាសិង្ហបុរី ហើយអូសបន្លាយ ២០នាទី ទៅជាង ១ម៉ោងឯណោះ។ ទឹកទើបចាប់ផ្តើមស្រក នាព្រឹកថ្ងៃដដែល។
រូបភាពលើបណ្តាញសង្គមបង្ហាញឲ្យឃើញថា ផ្លូវថ្នល់បានក្លាយជាទន្លេ។
កម្រិតទឹកតាមផ្លូវមួយចំនួនលើក្បាលជង្គង់ឯណោះ ឬស្ទើលិចដល់ពាក់កណ្តាលឡាន។
ការជន់លិចដ៏ធ្ងន់ធ្ងរនេះ ធ្វើឲ្យរថយន្តជាច្រើនរលត់ម៉ាស៊ីនកណ្តាលផ្លូវ។
អ្នកបើកបររថយន្តម្នាក់ឈ្មោះ Ricky ឲ្យដឹងថា រថយន្តរបស់លោក និងរថយន្តប្រមាណ១០គ្រឿងទៀត រលត់ម៉ាស៊ីន បានបង្ខំរុញទៅកាន់ទីទួល។
Mohammad Firdaus, អាយុ ៣៣ឆ្នាំ ជាបុគ្គលិកសេវាដឹកទំនិញឲ្យភ្ញៀវ នៅតំបន់ Changi ខាងលើ និង Changi South Lane, បាននិយាយថា ៖ នេះជាលើកដំបូងហើយដែលគាត់បានឃើញទិដ្ឋភាពលិចលង់បែបនេះ៕ សូយន