Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​សៀមរាប ចុះ​ត្រួតពិនិត្យ​ពល កងកម្លាំងប្រដាប់អាវុធ​ដែល​ឈរជើង​នៅ​ច្រក​អាកាសយានដ្ឋាន​កងទ័ព​អាកាស ទប់ស្កាត់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​នៅក្រៅ​ប្រទេស​

​សៀមរាប ​៖ ​លោក​ទៀ សីហា អភិបាលខេត្ត និង ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ខេត្តសៀមរាប និង គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ពល និង កងកម្លាំងប្រដាប់អាវុធ​ដែល​ឈរជើង ការពារ សន្តិសុខ​សុវត្ថិភាព នៅ​ច្រក​អាកាសយានដ្ឋាន​កងទ័ព​អាកាស នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដោយមាន​វត្តមាន​កង​កម្លាំង​សន្តិសុខ​ការពារ​ដែនអាកាស​ជាច្រើន​នាក់​ចូលរួម​ផងដែរ​នា​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ​លោក ទៀ សីហា ក៏បាន​ក្រើនរំលឹក​ដល់ កងកម្លាំងប្រដាប់អាវុធ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សារ​ធា​រណ​: ក៏ដូចជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង អាជ្ញាធរ ដែនដី​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ចូលរួមចំណែក​សាមគ្គី​គ្នា ដើម្បី​ការពារជាតិ​មាតុភូមិ​យើង​ឲ្យ​បាន​ខ្លាំងក្លា​បំផុត ដើម្បី​ពង្រឹង​ខឿន​សន្តិសុខ​ជាតិ តាមរយៈ​នៃ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព និង សូម​ឲ្យ​ប្រជាពលរដ្ឋ​ដែល​លង់​ចាញ់​នៅ​ឧបាយកល​បោក​ប​ព្ឆោ​តរបស់​ទណ្ឌិត សម ស​ង្ស៉ី ឲ្យ​ចូលរួម​ចលនា​ក្បត់ជាតិ​នោះ សូម​ប្រញាប់ប្រញាល់​ភ្ញាក់រលឹក​ឡើង ។

​លោក​បន្តថា យើង​ត្រូវ​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​នឹង​រួមរស់​ជាមួយ​សង្គមជាតិ​វិញ ។ ជាមួយគ្នា​នោះ ប្រសិនបើ​អ្នក​ចង់ទៅ​ចូលរួម​ទទួល​វត្តមាន​ទណ្ឌិត សម រ​ង្ស៉ី ចូល​ស្រុក​វិញ​នោះ មិនចាំបាច់​ព្រួយបារម្ភ​នោះទេ ពីព្រោះ​រាជរដ្ឋាភិបាល និង សាលក្រម​តុលាការ កំពុង​រង់ចាំ​ទទួល​ហើយ និង​រៀបចំ​ទី​កន្លង​សម្រាប់​ទទួល ក៏​រៀបចំ​រួចរាល់​ហើយ​ផងដែរ ។ ក្នុង​រយៈពេល​ថ្មីៗ​នេះ​ទណ្ឌិត សម រ​ង្ស៉ី បានប្រកាស​ពី​គម្រោង​ធ្វើដំណើរ​ចូល​ស្រុក​វិញ​នៅពេល​ខាងមុខ​ដោយបាន​អំពាវនាវ​និង​គៀកគរ​ប្រជាពលរដ្ឋ​ឲ្យ​បះ​បោល​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ថែម​ទៀតផង ។ ដូច្នេះ​ក្នុងនាម​យើង​ជា​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​ត្រៀមខ្លួន​ថែរក្សា​ឲ្យ​បាន​នូវ​សុខសន្តិភាព ស្ថេរភាព នយោបាយ និង ការអភិវឌ្ឍ ហើយ​អនុវត្ត​បទបញ្ជា​ឲ្យ​បាន​ម៉ឹងម៉ាត់​ក្នុងការ​កម្ចាត់​ចំពោះ​ជន​ក្បត់ជាតិ សម រ​ង្ស៉ី ដើម្បី​យកទៅ​ផ្តន្ទាទោស​ទៅតាម​ច្បាប់ ។

​លោក​បាន​បន្តទៀតថា កងកម្លាំង​ទាំងអស់​ក្នុងពេល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម ក្នុងការ​បំពេញភារកិច្ច លើ​កិច្ចការពារ ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្តេជ្ញា​និង​បង្ក្រាប​ឲ្យ​បាន រាល់​ការឃុបឃិត ប៉ុនប៉ង​បំផ្លាញ​សុខសន្តិភាព ឧបាយកល ដែល​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ពណ៌​លើ​ទឹកដី​កម្ពុជា និង ប្រឆាំង​ដាច់ខាត​ចំពោះ​ការជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ពី​មជ្ឈដ្ឋាន​ខាងក្រៅ ។ លោក​បាន​បញ្ជាក់ទៀតថា ការមើលស្រាល​ស្ថានការណ៍​កន្លងមក​អាច​នាំ​ឲ្យ​កម្ពុជា​យើង ស្ទើ​តែ​ធ្លាក់​ចូលក្នុង​ភ្នក់ភ្លើងសង្គ្រាម​ជាថ្មី​ម្ដងទៀត​ដោយសារតែ​ទណ្ឌិត សម រង្ស៊ី នឹង បក្ខ​ស​ពួក​របស់ខ្លួន​នោះ ។

​លោក​បាន​លើក​ផងដែរ​ថា ក្រុម​ឧទ្ទាម​ក្រៅច្បាប់​នៅក្រៅ​ប្រទេស​ដែលមាន​ទណ្ឌិត សម រ​ង្ស៉ី ជា​មេខ្លោង​បានធ្វើការ​ប្រមាថមើលងាយ​ព្រះមហាក្សត្រ មិន​ទទួលស្គាល់​ព្រះមហាក្សត្រ និង បង្ខំ​ព្រះមហាក្សត្រ​ដាក់រាជ្យ ដែលជា​អំពើ​ខុសច្បាប់​យ៉ាងធ្ងន់ធ្ងរ ដែល​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ជាពិសេស​មន្ត្រី​កងកម្លាំង​យើង​ទាំងអស់ មិនអាច​ទទួលយកបាន​ជាដាច់ខាត ។ លោក​ក៏បាន​ឲ្យ​កងកម្លាំង​ទាំងអស់ ត្រៀមលក្ខណៈ​ក្នុងការ​ការពារ​សុវត្ថិ​ភាព​​ជូន​ប្រជាពលរដ្ឋ​នៅ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង ចូលរួម​តាម​ការអំពាវ​នាវ​រប​ស់រាជ​រដ្ឋាភិបាល លើ​ការហូប​អំបុក​ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ទាំងអស់គ្នា​ផងដែរ ។

​លោក​ក៏បាន​ធ្វើការ​ក្រើនរំលឹក​ដល់​កងកម្លាំង​ទាំងអស់ គឺ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់រ​បស់​ខ្លួន លើ​ការងារ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ និង ភ្ញៀវ​ទេសចរណ៍ ។ កត្តា​សំខាន់ ដែល​កងកម្លាំង​ទាំងអស់​ត្រូវ​បង្កើន​យកចិត្តទុកដាក់ នៅតាម​បណ្តា​ច្រកទ្វារ​អន្តរជាតិ ទាំង​ផ្លូវអាកាស ផ្លូវគោក និង​ផ្លូវទឹក ថ្ងៃទី​០៩ វិច្ឆិកា ខាងមុខនេះ ។ ក្នុងនោះដែរ​លោក​ក៏បាន​លើក​នូវ​បទបញ្ជាផ្ទៃក្នុង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ ចំពោះ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង ភ្ញៀវ​ទេសចរណ៍ សំខាន់​លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​នៅ​ជុំវិញ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​នេះ ព្រមទាំង​ពង្រឹង​សន្តិសុខ​នៅតាម​ផ្លូវទឹក​ទៀតផង ៕ ​ដោយ​៖​កូ​ឡាប​

 

spot_img
×