Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី បាន​ស្នើឱ្យ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ចាប់ខ្លួន លោកស្រី មូរ សុខ​ហួរ

​ភ្នំពេញ​៖ ឯក អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី បាន​ស្នើឱ្យ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ចាប់ខ្លួន លោកស្រី មូរ សុខ​ហួរ មេដឹកនាំ​ម្នាក់​របស់​ក្រុម​ពួក​ឧទ្ទាម ដែល​ប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។​
​បន្ទាប់ពី​មានការ​ស្នើឱ្យ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ចាប់ខ្លួន​នោះ លោកស្រី មួរ សុខ​ហួរ បាន​អះអាងថា លោកស្រី​នឹង​ចាក​ចេញពី​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​យប់​ថ្ងៃទី​៦ ខែវិច្ឆិកា​នេះ ដោយ​ធ្វើដំណើរ​ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយទៀត​។​

​ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន អ​តី​មន្ត្រី​គណបក្សប្រឆាំង​រូបនេះ បាន​បញ្ជាក់ថា ខ្លួន​កំពុង​ស្ថិតនៅ​ព្រលានយន្តហោះ​ឥណ្ឌូណេស៊ី ទីក្រុង​ហ្សា​ការ​តា ដើម្បី​រក​ចាំ​ហោះ​ចេញទៅ​ប្រទេស​មួយទៀត​នៅ​អាស៊ាន​។ ប៉ុន្តែ លោកស្រី​មិនបាន​បញ្ជាក់ថា ទៅ​ប្រទេស​ណា​នោះទេ​។​

​តាមរយៈ​សេចក្តីប្រកាស​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​បាន​បញ្ជាក់ថា សាធារណរដ្ឋ​ឥណ្ឌូណេស៊ី និង​កម្ពុជា គឺជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា​អស់​រយៈពេល​៦០​ឆ្នាំ​មកហើយ​។ ដូច្នេះ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ហ្សា​ការ​តា សូម​ស្នើ​ឲ្យ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ធ្វើការ​ចាប់ខ្លួន លោកស្រី មូរ សុខ​ហួរ ហើយ​បញ្ជូន​លោកស្រី​មកកាន់​កម្ពុជា​ជាបន្ទាន់ នៅក្រោម​ស្មារតី​ពិត​របស់​អាស៊ាន​។​

ស្ថានទូត​កម្ពុជា​បាន​បញ្ជាក់ថា លោកស្រី មូរ សុខ​ហួរ គឺជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា (CNRP) ដែល​ត្រូវបាន​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា សម្រេច​រំលាយចោល នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ គណបក្ស​លោកស្រី​សព្វថ្ងៃ គឺជា​បក្ស​ខុសច្បាប់​នៅ​កម្ពុជា​។ លោកស្រី គឺជា​ជនល្មើស​ដែល​រត់គេចខ្លួន ហើយ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកាចាប់ខ្លួន​លោកស្រី កាលពី​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៩​កន្លងទៅនេះ ពាក់ព័ន្ធ​ការប៉ុនប៉ង ផ្តួលរំលំ​រដ្ឋាភិបាល​ដែល​ជាប់ឆ្នោត​ស្របច្បាប់​។​

ស្ថានទូត​បាន​បន្តថា ជាជាង​មក​ប្រឈមមុខ​តាមផ្លូវ​ច្បាប់ លោកស្រី មូរ សុខ​ហួរ បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កម្ពុជា ហើយ​លោកស្រី​កំពុង​ជ្រកកោន​នៅ​សហរដ្ឋអាមេរិក​។ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​សំណើ​ទៅកាន់​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់​ឲ្យ​ចាប់ខ្លួន និង​បញ្ជូន​លោកស្រី មូរ សុខ​ហួរ មកកាន់​ប្រទេស​កម្ពុជា ប្រសិនបើ​លោកស្រី​ឈាន​ជើង​ជាន់​ទឹកដី​របស់​ពួកគេ​។

​ស្ថានទូត​កម្ពុជា​ក៏បាន​បញ្ជាក់ទៀតថា ក្រោម​ស្មារតី​ពិត​នៃ​សមាគម​អាស៊ាន រាជរដ្ឋាភិបាល​នៃ​ប្រទេស​ថៃ បាន​បណ្តេញ​លោកស្រី មូរ សុខ​ហួរ កាលពី​ថ្ងៃទី​២០ ខែតុលា កន្លង មកនេះ​ឲ្យ​ទៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​វិញ នៅពេល​លោកស្រី​បាន​ទៅដល់​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ នៃ​ទីក្រុង​បាងកក​។ នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ចាប់​ឃាត់ខ្លួន​សកម្មជន​កម្ពុជា​២​នាក់ ដែល​ព្យាយាម​ឡើង​យន្តហោះ​ឆ្ពោះទៅកាន់ ទីក្រុង​បាងកក ខណៈ​ពួកគេ គឺជា​អ្នកគាំទ្រ​អតីត​គណបក្ស CNRP របស់លោក​ស្រី មូរ សុខ​ហួរ​៕ ដោយ​៖​កូ​ឡាប​

×