បន្ទាយមានជ័យ៖ កាសែតថៃឱ្យដឹងថា មានពលករខ្មែរសរុប២០នាក់ ដែលលួចចូលឆ្លងដែនខុសច្បាប់ ចូលក្នុងព្រៃអភិរក្ស ហើយកាប់ និងដឹកជញ្ជូនឈើគ្រញូង ត្រូវបានសមត្ថកិច្ចចម្រុះថៃកាលពីចុងសប្តាហ៍មុននៃខែមករា ឆ្នាំ២០១៨នេះ បានហ៊ុំព័ទ្ធដេញចាប់រត់ចោលឈើគ្រញូង១៧២ដុំ មានតម្លៃ២លានបាត ស្មើនិងជាង៥ម៉ឺនដុល្លារ និងឃាត់ខ្លួនបាន៣នាក់ ។
ចំណែកមួយចំនួនទៀតរត់គេចខ្លួនបាត់។ ពួកគេបានលបលួចចូលទៅក្នុងតំបន់អភិរក្សព្រៃឈើ នៃឧទ្យានជាតិដ៏ធំមួយដើម្បីកាប់ឈើគ្រញូងក្នុងភូមិសាស្ត្រ ស្រុកខនបុរី ខេត្តនគររាជសីម៉ា (កូរ៉ាត)ប្រទេសថៃ។
មន្ត្រីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ពុំអាចទាក់ទងបាន។ ប៉ុន្តែមន្ត្រីយោធាការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ នៅប៉ោយប៉ែតនិយាយថ្ងៃដដែលថា៖ មានសាច់ញាតិពលករត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនទាំងនោះ បានមកសុំអន្តរាគមន៍ទាក់ទងសួរសុខទុក្ខពលករខ្មែរដែលចាប់ខ្លួន៕ ដោយ៖បន្ទាយ