Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក កឹម សុខា ទទួលបាន​ការបន្ធូរបន្ថយ​លក្ខខណ្ឌ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ តែ​មិន​ត្រូវធ្វើ​សកម្មភាព​នយោបាយ​

​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន សម្រេច​ដាក់​លោក កឹម សុខា ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ដដែល ប៉ុន្តែ​ទទួលបាន​ការបន្ធូរបន្ថយ​លក្ខខណ្ឌ​ត្រួតពិនិត្យ​តាមផ្លូវ​ការ និង​មិន​ត្រូវធ្វើ​សកម្មភាព​នយោបាយ​។

​បើ​យោងតាម​សេចក្តីប្រកាស​របស់​តុលាការ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ការទទួលបាន​ការបន្ធូរបន្ថយ​កាតព្វកិច្ច​នៅពេលនេះ ដោយសារ​ជន​ត្រូវ​ចោទ​លោក កឹម សុខា នាពេល​កន្លងមក​បាន​គោរព​ត្រឹមត្រូវ​តាម​កាតព្វកិច្ច នៃ​ការដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ តាមផ្លូវ​តុលាការ ព្រមទាំង​មាន​កិច្ចសហការ​ល្អ​ក្នុង​ដំណើរការ​នីតិវិធីតុលាការ ជាពិសេស​បញ្ហា​សុខភាព​របស់​ជន​ត្រូវ​ចោទ​ដែល​ចាំបាច់​ត្រូវ​ពិនិត្យ និង​ព្យាបាល​។​
​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​បន្ត​ដាក់​ឲ្យ​ស្ថិត ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​ត្រូវ​ជាប់​កាតព្វកិច្ច​ដូចខាងក្រោម ៖ មិនត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ មិនត្រូវ​ធ្វើ​សកម្មភាព​នយោបាយ និង ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច​។​

​សូម​ជំរាប​ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ ក្បត់ជាតិ ឃុបឃិត​ជាមួយ​បរទេស​ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់ ហើយ​ត្រូវបាន​ឃុំខ្លួន នៅក្នុង​ពន្ធនាគារ ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ បន្ទាប់ពី​បែកធ្លាយ​វីដេអូ​មួយ​ដែល​លោក​និយាយថា លោក​អនុវត្តតាម​ការណែនាំ​ពី​បរទេស ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ប្រទេស​កម្ពុជា ដោយ​យក​លំនាំ​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ប្រទេស​ស៊ែ​ប៊ី​។​
​ក្រោយពេល​ឃុំខ្លួន​អស់​រយៈពេល​ជាង​១​ឆ្នាំ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី កាលពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ បានចេញ​ដីកា​មួយ​សម្រេច​ដោះលែង​លោក ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ជាមួយនឹង​ការហាមឃាត់​សិទ្ធិ​មួយចំនួន​ដូចជា មិន​អនុញ្ញាត​ឱ្យចេញ​ក្រៅពី​ព្រំប្រទល់​នៃ​ដែនដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៣១១ និង​ផ្លូវ​លេខ​៦០៨ ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​, មិនត្រូវ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បុគ្គល​ឬ​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង និង​មិនត្រូវ​ជួបជុំ​ធ្វើ​សកម្មភាព​នយោបាយ​ជាដើម​។​

​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់លោក​កឹម សុខា នៅ​ថ្ងៃទី​១០​វិច្ឆិកា បាន​ឲ្យ​ដឹងថា
​កាលពី​ថ្ងៃទី​០៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ សហ​មេធាវី​ការពារ​សិទ្ធិ​របស់ខ្ញុំ​បានដាក់​ពាក្យស្នើសុំ​ឲ្យ​ចៅក្រម​សើ​ុ​ប​សួរ​លើកលែង​បទ​ចោទ​មកលើ​រូបខ្ញុំ​។ ប៉ុន្តែ​សេចក្តីសម្រេច​របស់​ចៅក្រម​ក្នុងថ្ងៃនេះ មិនមែនជា​ការលើកលែង​ការចោទប្រកាន់​ឡើយ គឺ​ត្រឹមតែ​ជាការ​កែប្រែ​លក្ខ​ខ័​ណ្ឌ​នៃ​កាតព្វកិច្ច​មួយចំនួន​តែប៉ុណ្ណោះ​។

​ក្នុងនាម​ជា​បុគ្គល​ស្អាតស្អំ​ម្នាក់​ដែល​ត្រូវបាន​រង​ការឃុំខ្លួន​ទាំង​គ្មាន​កំហុស​២​ឆ្នាំ​មកហើយ ខ្ញុំ​នៅតែ​បន្ត​ទាមទារ​ឲ្យ​ទម្លាក់ចោល​បទចោទប្រកាន់​មកលើ​រូបខ្ញុំ​។ ខ្ញុំ​រំពឹងថា​សេចក្តីសម្រេច​ក្នុងថ្ងៃនេះ​គឺជា​ជំ​ហ៊ាន​ទី​១ ប៉ុន្តែ​រូបខ្ញុំ​ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​ដទៃទៀត​ដែល​បាន​បាត់បង់​សិទ្ធិសេរីភាព​នយោបាយ​នៅតែ​ត្រូវការ​ដំណោះស្រាយ​និង​យុត្តិធម៌​ពិតប្រាកដ​។​

​ជា​ចុង​ក្រោយនេះ ខ្ញុំ​សូម​ផ្ញើ​សេចក្តី​នឹករលឹក​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ខ្ញុំ​នឹង​ទៅ​ជំរាបសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។ ខ្ញុំ​នឹង​ជំរាបជូន​ដំណឹង​លម្អិត​នៅពេល​ក្រោយ​៕​ដោយ​៖​កូ​ឡាប


×