ភ្នំពេញ៖ បន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចេញសារអំពាវនាវឲ្យមានការដោះលែងដោយឥតលក្ខខណ្ឌចំពោះអ្នកទាំងឡាយណា ដែលត្រូវបានចាប់ឃុំខ្លួនដោយទំនើងចិត្ត និងខុសច្បាប់ ដោយរួមទាំងអ្នកសារព័ត៌មាន សកម្មជនសង្គមស៊ីវិល និងអ្នកគាំទ្រ ព្រមទាំងសមាជិក នៃគណបក្សនយោបាយប្រឆាំងនានានោះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឆ្លើយតបវិញថា តាមច្បាប់កម្ពុជា គ្មានការចាប់ខ្លួន បើគ្មានការប្រព្រឹត្តខុសច្បាប់ ហើយការចាប់ខ្លួនបុគ្គលណាមួយ ត្រូវអនុវត្តតាមច្បាប់របស់កម្ពុជា។
លោក គឹម សន្តិភាព អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌បញ្ជាក់ជូនជូនសាធារណជន តាមរយៈផេកហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា នេះថា ៖ តាមច្បាប់កម្ពុជា គ្មានការចាប់ខ្លួន បើគ្មានការប្រព្រឹត្តខុសច្បាប់ ហើយការចាប់ខ្លួនបុគ្គលណាមួយ ត្រូវអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។
លោកអ្នកនាំពាក្យ បានលើកឡើងបន្តថា រាល់ការចាប់ខ្លួនតាមទំនើងចិត្ត ដោយគ្មានមូលដ្ឋាននៃបទល្មើស គឺជាអំពើខុសច្បាប់ ដូច្នេះប្រាកដណាស់ថាមិនត្រឹមតែទទួលបានការដោះលែង ដោយគ្មានលក្ខខណ្ឌនោះទេ ថែមទាំងអ្នកប្រព្រឹត្តអំពើនេះ ក៏ត្រូវប្រឈមមុខនឹងច្បាប់ផងដែរ។
បើតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី 10 ខែវិច្ឆិកាឆ្នាំ 2019 នេះបានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឃើញការរាយការណ៍នានា នៅថ្ងៃនេះ អំពីការលើកលែងការរឹតត្បឹតមួយចំនួនតាមប្រព័ន្ធយុត្តិធម៌ ចំពោះមេដឹកនាំនយោបាយបក្សប្រឆាំងកម្ពុជា លោក កឹម សុខា ។
ស្ថានទូតអាមេរិក បានលើកឡើងបន្ថែមថា យើងកត់សម្គាល់នូវជំហានឆ្ពោះទៅមុខដ៏មានកម្រិតមួយនេះ ប៉ុន្តែទទូចយ៉ាងខ្លាំងក្លា ឲ្យអាជ្ញាធរស្តារឡើងវិញទាំងស្រុង នូវសេរីភាពនិងសិទ្ធិនយោបាយរបស់លោក ស្ថិតក្រោមរដ្ឋធម្មនុញ្ញកម្ពុជា និងទម្លាក់បទចោទប្រកាន់ទាំងឡាយប្រឆាំងនឹងលោក ដែលអ្នកជាច្រើន មើលឃើញថាមានចរិតនយោបាយ ។
សហរដ្ឋអាមេរិក អំពាវនាវឲ្យមានការដោះលែងដោយឥតលក្ខខណ្ឌចំពោះអ្នកទាំងឡាយណា ដែលត្រូវបានចាប់ឃុំខ្លួនដោយទំនើងចិត្ត និងខុសច្បាប់ ដោយរួមទាំងអ្នកសារព័ត៌មាន សកម្មជនសង្គមស៊ីវិល និងអ្នកគាំទ្រ ព្រមទាំងសមាជិក នៃគណបក្សនយោបាយប្រឆាំងនានា។
អភិបាលកិច្ច និងសេដ្ឋកិច្ចកម្ពុជា នឹងទទួលប្រយោជន៍ពីជំហានបន្ថែមទៀត ក្នុងការបើកឡើងវិញនូវលំហនយោបាយ និងពលរដ្ឋ ចំពោះប្រជាពលរដ្ឋកម្ពុជា ទាំងក្នុងនិងក្រៅប្រទេសជំរុញនូវការសន្ទនានយោបាយរួមគ្នាហើយពិតប្រាកដ និងដំណើរការផ្សះផ្សា ព្រមទាំងស្តារឡើងវិញនូវប្រជាធិបតេយ្យពហុបក្សដ៏មានអត្ថន័យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដ៏ពិបាករករបស់ប្រទេសនេះ៕ដោយ៖កូឡាប