បាត់ដំបង៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី១២ខែវិច្ឆិកានេះ បានសរសេរលើហ្វេសប៊ុកថា នៅទិសស្រុកសំឡូតខេត្តបាត់ដំបង និងនៅខេត្តប៉ៃលិន កម្លាំងនគរបាលជាតិ និងអង្គភាពស៊ីម៉ាក់ បានបោសសំអាតរណ្តៅគ្រាប់លាក់ទុកក្នុងសម័យសង្គ្រាម ហើយក្លាយជាសំណល់ជាតិផ្ទុះពីសង្គ្រាម។ ប្រទះឃើញនៅថ្ងៃទី៨ ខែវិចិ្ឆកា តែមួយថ្ងៃមុនថ្ងៃព្រឹតិ្តការណ៍៩ វិច្ឆិកា។ ក្នុងសង្គ្រាមអ្នកប្រយុទ្ធបានប្រើប្រាស់យុទ្ធសាស្ត្រយុទ្ធវិធីចល័តគ្រាប់ និងកាំភ្លើងតាមបែបទ័ពព្រៃ ទ័ពឈ្លប ដើម្បីងាយស្រួលប្រយុទ្ធបាញ់សម្លាប់គ្នា។
លោកបានថ្លែងថា មេដឹកនាំឧទ្ទាមសម័យថ្មី ដែលមិនធ្លាប់រស់នៅឆ្លងកាត់ក្នុងសង្គ្រាមនៅកម្ពុជា អាចខ្វះអារម្មណ៍និងមិនយល់ដឹង ពីភាពឈឺចាប់ដោយសារសង្គ្រាមពីជម្រៅបេះដូងរបស់ខ្លួននោះទេ។ ហេតុនេះហើយគេមកអំពាវនាវឱ្យប្រជាជន និងកងទ័ពបែរចុងកាណុងបាញ់លើមេដឹកនាំប្រទេស និងបង្កើតចលនាហឹង្សាជាថ្មី ក្រោមផែនការដើម្បីផ្តួលរំលំនិងប្តូររបប។ ប្រជាជនកម្ពុជាមិនទាន់ជាសះស្បើយរបួសស្នាមពីភាពឈឺចាប់នៃសង្គ្រាមផង មកចង់ញុះញង់ និងជំរុញបង្កចលនាហឹង្សាជាថ្មី។ ជាសំណាងប្រទេសនិងប្រជាជនកម្ពុជាខ្ពស់ណាស់ក្រោយការដឹកនាំរបស់សម្តេចតេជោសែនបានទប់ស្កាត់ និងធ្វើឱ្យបរាជ័យទាំងស្រុង ចំពោះសកម្មភាពរដ្ឋប្រហារវាយរំលំរាជរដ្ឋាភិបាល និងប្តូររបបរាជានិយមថ្ងៃ៩ វិចិ្ឆកា ឆ្នាំ២០១៩នោះ៕ដោយ៖កូឡាប