ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមយ៉ាងច្រើនកុះករ ដើម្បីទស្សនាការប្រណាំងទូកនៅខាងមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរក្នុងព្រះរាជពិធី បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ថ្ងៃចុងក្រោយនេះ។
នៅពេលនេះ អាកាសធាតុនៅខាងមុខព្រះបរមរាជវាំង ក៏ដូចជានៅតាមបណ្ដោយតាមមាត់ទន្លេត្រជាក់ល្អ ដែលអំណោយផលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ដែលកំពុងចូលមកកម្សាន្តជាបន្តបន្ទាប់ ដើម្បីទស្សនាការប្រណាំងទូក ក៏ដូចជាការទស្សនា នូវការតាំងពិព័រណ៍ផ្សេងៗ។
ជាធម្មតាពេលវេលាដែលប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ចូលមកទស្សនាការប្រណាំងទូកនៅខាងមុខព្រះបរមរាជវាំង ក៏ដូចជាតាមបណ្ដោយដងទន្លេ និងតាមស្តង់ពិព័រណ៍ផ្សេងៗ គឺចាប់ពីពេលរសៀលដែលមានអាកាសធាតុត្រជាក់។
សូមអរគុណដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមការពារថែរក្សាសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងភ្នាក់ងារសុខាភិបាលដែលបានផ្តល់នូវការមើលថែរសុខភាព ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានសប្បាយរីករាយ នៅក្នុងឱកាសបុណ្យអុំទូកដែលមានរយៈពេល៣ថ្ងៃនេះ។
តាមបណ្តោយសួនច្បារមាត់ទន្លេ ចាប់ពីមុខផ្សាររាត្រី រហូតដល់កំពង់ចម្លងភ្នំពេញ-អរីយក្សត្រ និងព្រះបរមរាជវាំង ឃើញថាមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ច្រើនកុះករបានចូលរួមទស្សនា និងលេងកម្សាន្តយ៉ាងសប្បាយរីករាយ ប្រកបដោយទឹកមុខស្រស់ញញឹមក្នុងព្រះរាជពិធី បុណ្យអុំទូក ថ្ងៃចុងក្រោយនេះ៕ដោយ៖កូឡាប