Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្មជន​របស់​សម រង្ស៊ី គឺ​រាជបុត្រ សូរ្យ​កាយ្យ វាយប្រហារ​មេ​ខ្លួនឯង​

(​ភ្នំពេញ​)៖ ដើរ​ដល់​ផ្លូវ​ទាល់ រាជបុត្រ សូរ្យ​កាយ្យ ដែលមាន​ឈ្មោះ​ពិត​ថា លោក ទឹម សុជា បាន​វាយប្រហារ​មេ​របស់​ខ្លួនឯង គឺ​លោក សម រ​ង្ស៉ី មេ​ចលនា​ឧទ្ទាម​យ៉ាង​ចាស់ដៃ​ថា ជា​អ្នកនយោបាយ​សន្យា​ហើយ​មិនដែល​ធ្វើ ហើយ​កំពុង​បំផ្លាញ​ទឹកចិត្ត​អ្នកគាំទ្រ ក្រោយ​ពេលដែល​មេដឹកនាំ​រូបនេះ មិនបាន​ត្រឡប់មក​ប្រទេស​កម្ពុជា តាម​ការសន្យា ហើយ​ពន្យារពេល​ដោយ​មិន​កំណត់​។ គួរ​កត់សម្គាល់ថា រាជបុត្រ សូរ្យ​កាយ្យ ត្រូវ​សម រង្ស៊ី ដេញ​ចេញពី​បក្សប្រឆាំង ដោយសារតែ​ប្រើពាក្យ​សម្តី​អសុរោះ​ជេរប្រមាថ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ផងដែរ​។ ប៉ុន្តែ​ទោះយ៉ាងណា រាជបុត្រ សូរ្យ​កាយ្យ អះអាងថា ខ្លួន​ជេរ​តាម លោក សម រង្ស៊ី តែប៉ុណ្ណោះ​។​

​រាជបុត្រ សូរ្យ​កាយ្យ បានផ្តល់​បទសម្ភាសន៍​ដល់​កាសែត The Cambodia Daily ១​ថ្ងៃក្រោយ​ការមិន​វិលត្រឡប់​របស់ លោក សម រ​ង្ស៉ី ដោយ​សម្តែង​ការ​ឆ្អែត​ចិត្ត ទៅនឹង​ការសម្តែង​ឆាកល្ខោន​របស់ លោក សម រ​ង្ស៉ី និង​បក្ខពួក អំពី​ការ​ត្រឡប់មក​កម្ពុជា​។​

​លោក​អះអាងថា ពេលឮ​ដំណឹង​នេះ​តែងតែ​គិតថា ដំណឹង​នេះ​ជាការ​ពិត ព្រោះ​ដំណឹង​នេះ​មិនមែន​ចេញពី​កូនក្មេង​អាយុ​៣​ឆ្នាំ ក៏​មិនមែន​ឮ​ចេញពី​អ្នក​គ្មាន​សញ្ញាបត្រ​បាក់​ឌុប​ដែរ គឺ​ឮ​ចេញពី​អ្នកមាន​សញ្ញាបត្រ​ត្រឹមត្រូវ និង​ចេញពី​មនុស្ស​ចាស់​ម្នាក់​ដែលជា​គម្រូ​នៃ​បុគ្គល​រាប់លាន​នាក់ អញ្ចឹង​សម្តី​នេះ ខ្ញុំ​មិនអាច​ចាត់ទុកថា​ជាស​ម្តី​កូនក្មេង ក៏​មិនដែល​គិតថា ជាស​ម្តី​របស់​មនុស្ស​ធ​ម្ម​តា ខ្ញុំ​ទុក​ថា​ជាស​ម្តី​វីរៈបុរស​ក្នុង​ដួងចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​ជឿថា សម្តី​នេះ​កូន​ខ្មែរ​ទាំងអស់​នឹង​គិត​ដូច​ខ្ញុំ ក៏ប៉ុន្តែ​ឥឡូវ​គម្រោង​នេះ​ត្រូវបាន​ពន្យារពេល​ដោយសារតែ​ហេតុផល​មួយចំនួន ដែល​បានលើកឡើង​យន្តហោះ​គាត់​ត្រូវបាន​គេ​ពន្យារ លោក ហ៊ុន សែន បិទ​មិន​ឱ្យចូល​ស្រុក​ខ្មែរ អញ្ចឹង​ក្តីសង្ឃឹម​នៅតែ​ជា​ក្តីសង្ឃឹម មិនដែល​ថ្ងៃ​ណា​ក្តីសង្ឃឹម​នេះ​បានសម្រេច​។​

​រាជបុត្រ សូរ្យ​កាយ្យ បាន​បន្តទៀតថា គាត់​នៅមាន​អ្នកគាំទ្រ​មួយចំនួន​ដែល​ផ្កាប់មុខ បើសិនជា​យើង​រិះគន់​គាត់ គឺ​អ្នកគាំទ្រ​គាត់​មក​ជេរ​យើង​ហើយ​ថា​យើង​ក្បត់ជាតិ​ថា​យើង​លក់​ក្បាល​ឱ្យ លោក ហ៊ុន សែន ប៉ុន្តែ​ក្នុងនាម​ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់ ជា​អ្នកគាំទ្រ​(​អតីត​) គណបក្ស​សង្គ្រោះ​ជាតិ​៦​ឆ្នាំ​ហើយ ខ្ញុំ​មិន​ចង់បាន​ក្តីសង្ឃឹម​ក្លែងក្លាយ​ទេ ខ្ញុំ​ចង់បាន​ក្តីសង្ឃឹម​ពិតប្រាកដ​។ ប្រសិនបើ​ខ្ញុំ​ជា​លោក សម រ​ង្ស៉ី អ្វីដែល​ខ្ញុំ​និយាយ ខ្ញុំ​ធ្វើ​ប៉ុន្តែ​បើ​ខ្ញុំ​ចូល​ស្រុក​ខ្មែរ​មិនបាន គឺ​ខ្ញុំ​មិន​សន្យា​ជាមួយ​អ្នកគាំទ្រ​ខ្លួនឯង​ទេ ពីព្រោះ​អ្នកគាំទ្រ​មួយចំនួន​ក៏ដូចជា​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​មួយចំនួន កំពុងតែ​ជាប់គុក​ដោយសារតែ​សារ​នយោបាយ​២-៣​ម៉ាត់​របស់គាត់​នេះ អញ្ចឹង​ខ្ញុំ​ចង់ឱ្យ លោក សម រ​ង្ស៉ី ធ្វើ​អ្វី​ទៅតាម​សម្តី​នយោបាយ​របស់គាត់ ពីព្រោះ​គាត់​គឺជា​គម្រូ វីរៈបុរស​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់ ប្រសិនបើ​គាត់​និយាយ​ដដែលៗ​ហើយ គាត់​មិនអាច​ធ្វើ​បានទេ គឺ​មានន័យថា គាត់​កំពុងតែ​បំផ្លាញ​ទឹកចិត្ត​ដល់​អ្នកគាំទ្រ​ខ្លួនឯង​បន្តិច​ម្តងៗ​៕​ ដោយ​៖​បញ្ហា​ស័ក្តិ​

×