ប៉ូលិសអ៊ីតាលី ទើបប្រកាសថា គេបានចាប់មុខសញ្ញា Mafia ប្រមាណជិត ២០០នាក់ដែលស្ថិតក្នុងក្រុមគ្រួសារ Mafia ល្បីល្បាញមួយនៅប្រទេសនេះ ហើយក៏បានរឹបអូសប្រាក់បាន ៥០លានអឺរ៉ូ (ប្រមាណ ៦០លានដុល្លារ) ក្នុងយុទ្ធនាការបោសសំអាតរួមគ្នារវាងអ៊ីតាលី និងអាល្លឺម៉ង់។
យុទ្ធនាការនេះ បានកម្ទេចយ៉ាងជោគជ័យក្រុមឧក្រិដ្ឋជន នៃគ្រួសារ Mafia Farao និង Marincola ចំណុះបក្ស Ndrangheta ក្រុម Mafia ដ៏គ្រោះថ្នាក់ និងមានអានុភាពខ្លាំងបំផុតនៅអ៊ីតាលី។
Ndrangheta បច្ចុប្បន្នកំពុងធ្វើសកម្មភាព នៅតំបន់ខាងជើងអ៊ីតាលី ហើយពួកវាបានប្រភពហិរញ្ញវត្ថុដ៏ធំសម្បើម អាចលើសក្រុម Cosa Nostra នៅ Sicily ទៀត ហើយវាជាបណ្តាញជួញដូរកាកូអ៊ីនលំដាប់ដំបូងនៅទ្វីបអឺរ៉ុប។ សកម្មភាពរបស់ក្រុមនេះ គឺសំដៅឈ្លបចូលបណ្តាក្រុមហ៊ុនទាំងរបស់អ៊ីតាលី និងអាល្លឺម៉ង់ ពិសេសគឺក្រុមហ៊ុនស្រា ស្បៀងអាហារ ប្រមូលសំរាម ព្រមទាំងសេវាបុណ្យសព។
ក្រៅពីនោះប៉ូលិសឲ្យដឹងបន្ថែមថា ៖ មន្ត្រីរដ្ឋាភិបាលមួយចំនួន បានស៊ុំគ្រលំជាមួយពួកឧក្រិដ្ឋជនទាំងនេះ ប៉ុន្តែប៉ូលិសពុំទាន់ប្រកាសជាសាធារណៈពីអត្តសញ្ញាណ នៃពួកមន្ត្រីទាំងនេះនៅឡើយទេ៕ សូយន