កំពត ៖ សកម្មជន ២នាក់របស់អតីតគណបក្សសង្គ្រោះជាតិ នៅខេត្តកំពត ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន តាមការស្នើសុំរបស់សាម៉ីខ្លួន។
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវ រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង នៅព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្គាប់ឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា ដោយសហការខាងតុលាការ ដើម្បីឈានទៅដល់ការដាក់ឱ្យអ្នកចាញ់បោកក្រុមឧទ្ទាម ដែលត្រូវឃាត់ខ្លួនទាំងអស់ នៅក្រៅឃុំជាបណ្តោះអាសន្ន។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បញ្ជាឲ្យក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា ពាក់ព័ន្ធករណីប្រជាពលរដ្ឋទាំងឡាយ ដែលលង់ខ្លួនបាញ់បោកទណ្ឌិត សម រង្សុី រហូតមានការចាប់ខ្លួន និងដាក់ពន្ធនាគារនោះ ភ្លាមៗនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ជនត្រូវចោទទាំង ២នាក់ រួមមាន ស្ដ្រីឈ្មោះ ប៉ែន មុំ ដែលត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធគាររយៈពេលជាង ១ខែ និងលោក នុត ពេជ ដែលជាប់ឃុំឃាំងក្នុងពន្ធនាគារជាង ៣ខែ ពាក់ព័ន្ធការចូលរួមផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្សុី ដោយសារតែពួកគេលង់ខ្លួនបាញ់បោក ត្រូវបានតុលាការខេត្ដកំពត សម្រេចដោះលែងឲ្យនៅក្រៅឃុំ ប៉ុន្ដែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដដែល។
យោងតាមពាក្យសុំនៅក្រៅឃុំរបស់ជនត្រូវចោទទាំង ២នាក់ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ពួកគេបានសន្យា នឹងមិនចូលរួមសកម្មភាពនានា ដែលបង្កឡើងដោយទណ្ឌិត សម រង្ស៉ី ឬអតីតគណបក្សសង្គ្រោះជាតិនោះឡើយ ហើយសន្យាចូលមកតុលាការគ្រប់ពេលវេលា នៅពេលដែលកោះហៅ៕ ដោយ៖កូឡាប