កំពត៖ ខេត្តកំពត កំពុងមានការអភិវឌ្ឍន៍រីកចម្រើនស្ទើរលើគ្រប់វិស័យ មានទាំង រោងស៊ីម៉ងត៍ ចំនួន៤ រួមទាំងរោងចក្រផលិត វារីអគ្គិសនី១ និងជាកន្លែងផលិតអំបិលផ្ទាល់ខ្លួន និងចែកចាយអំបិល ទៅកាន់បណ្តាខេត្តផ្សេងៗ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាយើង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ខេត្តកំពត គឺជាខេត្ត ដែលបានបញ្ចប់សង្គ្រាមក្នុងឆ្នាំ១៩៩៦ តាមរយៈនយោបាយ ឈ្នះ-ឈ្នះដែលរាជរដ្ឋាភិបាល បានដាក់ចេញហើយពេលនេះ ខេត្តកំពតបានប្រែក្លាយទៅជាខេត្ត ដែលមានការអភិវឌ្ឍន៍រីកចម្រើនស្ទើរលើគ្រប់វិស័យ ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ ព្រោះជាខេត្តជាប់តំបន់សមុទ្រ ។ ខេត្តកំពតក៏ជាខេត្តដែលមានផលិតអំបិលផ្ទាល់ខ្លួន និងចែកចាយអំបិលទៅកាន់បណ្តាខេត្តផ្សេងៗទៀតផង។ ខេត្តកំពតយើងមានវារីអគ្គសនីនៅភ្នំកំចាយ ដែលមានអនុភាពប្រមាណ ១៩៣ មេហ្គាវាត់ ដែលកំពុងបម្រើ និងផ្គត់ផ្គង់អគ្គិសនី ដល់គោលដៅអ្នកប្រើប្រាស់ជារៀងរាល់ថ្ងៃផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ អំពីវិធានការដោះស្រាយ និងការពារក្នុងពេលដែលកម្ពុជាខ្វះខាតអគ្គិសនីប្រើប្រាស់ នាពេលខាងមុខ ជាពិសេសសម្តេចតេជោ បានឲ្យក្រសួងរ៉ែ និងថាមពលគិតគូរ និងបង្កើនថាមពលអគ្គិសនី ហើយសម្តេចបានមានប្រសាសន៍ថា ៥ឆ្នាំទៀតកម្ពុជាយើង នឹងបង្កើនការតបណ្តាញអគ្គសនី នៅគ្រប់ទីកន្លែងទាំងអស់។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍
របស់ក្រុមហ៊ុន ថៃប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
សម្តេចតេជោ បានមានប្រសាន៍បន្តថា ស៊ីម៉ងត៍ គឺជាតម្រូវការដ៏ចាំបាច់នៅលើពិភពលោក ពីព្រោះបច្ចុប្បន្ននេះ គ្រប់សំណង់ទាំងអស់សុទ្ធតែត្រូវ ការប្រើប្រាស់ស៊ីម៉ងត៍ ដូចជាអគារបុរីលំនៅដ្ឋាន សាលារៀន វត្តអារាម និងផ្លូវប្រភេទបេតុងជាដើម។
សម្តេចតេជោបានបង្ហាញនូវក្តីមោទនភាពបំផុត ចំពោះប្រទេសកម្ពុជា ដែលបាន បង្កើតរោងចក្រផលិតស៊ីម៉ងត៍ផ្ទាល់ខ្លួននៅទីនេះ។ សម្តេចតេជោបានមានប្រសាសន៍បន្តថា នេះជាសមិទ្ធផលថ្មី បន្ថែមលើសមិទ្ធផលដែលយើងមានស្រាប់ ហើយការបង្កើតរោងចក្រនេះ គឺជាការបង្កើតឧស្សាហកម្មធុនធ្ងន់មួយ របស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែក នៃវិស័យសំណង់ដែលកំពុងមានការកើនឡើង នាពេលបច្ចុប្បន្ននេះ ជាពិសេសការសាងសង់សំណង់អគារផ្សេងៗ ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ និងគ្រប់វិស័យនានា។
សម្តេចតេជោ បានកោតសរសើរចំពោះក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតផលិតផលក្នុងស្រុក ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ និងធ្វើការនាំចេញផងដែរ។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីជំរុញឲ្យក្រុមហ៊ុន ត្រូវចូលរួមថែទាំ និងជុសជុលផ្លូវដែលខូចខាតផង ពីព្រោះផ្លូវថ្នល់ទាំងអស់ បានបម្រើដល់ការដឹកជញ្ជូនស៊ីម៉ងត៍របស់ក្រុមហ៊ុនខ្លួនទៅកាន់គោលដៅអតិថិជនគ្រប់ទីកន្លែងផងដែរ៕ដោយ៖កូឡាប