ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអ៊ីន នៅថ្ងៃពុធនេះបានថ្លែងថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរពីឧបទ្វីកូរ៉េគឺជាផ្លូវទៅកាន់សន្តិភាព និងជាបំណងប្រថ្នារបស់ពួកយើង។
ការថ្លែងរបស់លោក កើតឡើងតែមួយថ្ងៃប៉ុណ្ណោះក្រោយពេល ប្រទេសកូរ៉េខាងជើង បានយល់ព្រមបញ្ជូនគណៈប្រតិភូកីឡារបស់ខ្លួនទៅចូលរួមការប្រកួតកីឡាអូឡាំពិចរដូវរងានៅកូរ៉េខាងត្បូង ខែក្រោយ។
លោក ម៉ូន ថ្លែងប្រាប់សន្និសិតសារព៌តមានដូច្នេះថា “ពួកយើងត្រូវតែបន្តកិច្ចប្រឹងប្រែងក្នុងការប្រារព្ធកីឡាអូឡាំពិចប្រកដោយសន្តិភាព។ ពួកយើងត្រូវតែដោះស្រាយបញ្ហានុយក្លេអ៊េរកូរ៉េខាងជើងដោយសន្តិវិធី”។
គណៈប្រតិភូរបស់ប្រទេសកូរ៉េទាំងពីរ បានបើកកិច្ចប្រជុំកំរិតខ្ពស់របស់ពួកគេកាលពីថ្ងៃម្សិលមិញ ដែលនេះគឺជាកិច្ចប្រជុំដ៏កំរក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។
លោក ម៉ូន ថ្លែងបន្តថា “ខ្ញុំនឹងជំរះនូវក្តីអន្ទះអន្តែង និងការមិនជឿទុកចិត្តគ្នា ដែលបានចាក់ឬសជាប់យ៉ាងជ្រៅនៅក្នុងជីវិតរបស់ប្រជាជន”។
“មួយជំហានៗ ជាមួយគ្នាជាមួយនឹងប្រជាជន ខ្ញុំនឹងបង្កើតជីវិតដែលពោរពេញដោយសន្តិភាព និងស្ថេរភាព ដោយគ្មានការភ័យព្រួយពីសង្គ្រាម”។
មេដឹកនាំកូរ៉េខាងត្បូងរូបនេះ ក៏បានប្រកាសពីបំណងរបស់លោកក្នុងការជួបពិភាក្សាផ្ទាល់ជាមួយនឹងមេដឹកនាំកូរ៉េខាងជើងក្នុងកាលៈទេសៈដ៏ត្រឹមត្រូវមួយ៕ សុភ័ក្ត្រ