Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូនេស៊ី នឹង​បន្ត​ជួយ​បណ្តុះបណ្តាល កងពលតូច​ទ័ព​ពិសេស​ឆ​ត្រ័​យោង​លេខ​៩១១ និង​បញ្ជាការដ្ឋាន​អង្គរក្ស​កងទ័ព​កម្ពុជា​

ប្រទេស​ថៃ​៖ ឥណ្ឌូនេស៊ី នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ និង​ជួយឧបត្ថម្ភ​ដល់​កម្ពុជា​យ៉ាងច្រើន ក្នុងនោះ​លើ​ផ្នែក​វិស័យ​យោធា ឥណ្ឌូនេស៊ី​បាន​ជួយ​បណ្តុះបណ្តាល ហ្វឹកហ្វឺន​កងយោធពល​ខេមរភូមិន្ទ ដល់​កងពលតូច​ទ័ព​ពិសេស​ឆ​ត្រ័​យោង​លេខ​៩១១ និង​បញ្ជាការដ្ឋាន​អង្គរក្ស​ជា​បន្តបន្ទាប់​។ រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូនេស៊ី ដែល​ទើប​បានទទួល​មុខដំណែង​ថ្មី បាន​បញ្ជាក់ថា​៖ នឹង​បន្ត​ជួយ​បណ្តុះបណ្តាល ដល់​កងទ័ព​កម្ពុជា តាម​សំណើរ​ដែល​អាចធ្វើ​ទៅបាន​។​

​បើតាម​ការផ្សាយ​ព័ត៌មាន​លើ​គេហទំព័រ​របស់​ក្រសួងការពារជាតិ បាន​ឲ្យ​ដឹងថា ក្នុងឱកាស​ការអញ្ជើញ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ចង្អៀត រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន (ADMM Retreat) និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​បូក លើក​ទី​៦ (6th ADMM-Plus) នៅ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ អមតំណើរ​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ទីប្រឹក្សា​ពិសេស និង​ជា​អគ្គនាយក អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស ក្រសួងការពារជាតិ បាន​ចូលជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោក PROBOVO SUBIANTO រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូនេស៊ី​។​

នៅក្នុង​ជំនួប​នោះ តាមរយៈ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​, លោក PROBOVO SUBIANTO រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូនេស៊ី បាន​សំដែង​ការសាកសួរ​សុខទុក្ខ​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

មានមតិ​ឆ្លើយតប​វិញ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សំដែង​ការអបអរសាទរ​ចំពោះ លោក PROBOVO SUBIANTO ដែល​បានទទួល​មុខតំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូនេស៊ី​។ សម្តេច​ពិជ័យ​សេនា បាន​បញ្ជាក់ថា​៖ កម្ពុជា និង​ឥណ្ឌូនេស៊ី មាន​ប្រពៃណី ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា តាំងពី​យូរយារ​ណាស់​មកហើយ ហើយ​ឥណ្ឌូនេស៊ី​បាន​ជួយ​ស្វែងរក​សន្តិភាព​ជូន​ប្រទេស​កម្ពុជា ក្នុងអំឡុង​សម័យ​អ៊ុនតាក់​។

​សម្តេច​ពិជ័យ​សេនា បានបញ្ជាក់​ទៀតថា​៖ ចាប់តាំងពី​ពេលនោះ​មក ឥណ្ឌូនេស៊ី​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ និង​ជួយឧបត្ថម្ភ​ដល់​កម្ពុជា​យ៉ាងច្រើន ក្នុងនោះ​លើ​ផ្នែក​វិស័យ​យោធា ឥណ្ឌូនេស៊ី​បាន​ជួយ​បណ្តុះបណ្តាល ហ្វឹកហ្វឺន​កងយោធពល​ខេមរភូមិន្ទ ដល់​កងពលតូច​ទ័ព​ពិសេស​ឆ​ត្រ័​យោង​លេខ​៩១១ និង​បញ្ជាការដ្ឋាន​អង្គរក្ស​ជា​បន្តបន្ទាប់​។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្តថា​៖ នៅលើ​វេទិកា​អន្តជាតិ កម្ពុជា និង​ឥណ្ឌូនេស៊ី បានធ្វើការ​ផ្លាស់​ទស្សនៈ​គ្នា​ទៅវិញទៅមក និង​បាន​រិះរក​វិធី ដើម្បី​បម្រើ​ផលប្រយោជន៍​រួម ហើយ​សម្តេច​សង្ឃឹមថា​៖ តាមរយៈ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន យើង​នឹង​បាន​ពិភាក្សាគ្នា ជាមួយ​ប្រទេស​ជា​ដៃគូរ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​បូក​។ ឆ្លៀត​ក្នុងឱកាស​នោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​អញ្ជើញ លោក​PROBOVO SUBIANTO ដែល​ទើប​បានទទួល​មុខដំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូនេស៊ី ទៅធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​។​

ជា​ចុងក្រោយ លោក PROBOVO SUBIANTO បាន​បញ្ជាក់ថា​៖ កម្ពុជា និង​ឥណ្ឌូនេស៊ី មាន​ទំនាក់ទំនង​មិត្ត​ភាព​ជាមួយគ្នា តាំងពីរ​យូរលង់​ណាស់​មកហើយ​។ លោក រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូនេស៊ី​បានបញ្ជាក់​ទៀតថា​៖ នឹង​បន្ត​ជួយ​បណ្តុះបណ្តាល​ដល់​កងទ័ព​កម្ពុជា តាម​សំណើរ​ដែល​អាចធ្វើ​ទៅបាន ៕ ​ដោយ ​៖ ​កូ​ឡាប​

×