Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​អនុ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ មើលឃើញទីក្រុង​ភ្នំពេញ​មានការ​អភិវឌ្ឍ​រីកចម្រើន មាន​អាគារ​ខ្ពស់ៗ ជាមួយនឹង​សំណង់​ថ្មីៗ និង​សណ្ឋាគារ​ទំនើបៗ​

​ភ្នំពេញ​៖​ សម្ដេច​តេ​ជោ បានចាត់ទុក​ប្រទេស​ឥណ្ឌូនេស៊ី​ជា​ប្រទេស​ធំ​មួយ ជា​ប្រទេស​ដែលមាន​សំឡេង​ខ្លាំង ដែល​បាន​ជួយ​ជំរុញ​ឲ្យ​អាស៊ាន​ទាំងមូល​មាន​ឥទ្ធិពល​ក៏ដូចជា​ការជួយ​ខាង​សេដ្ឋកិច្ច​ដែល​ផ្តល់នូវ​ការរីកចម្រើន​ក្នុង​តំបន់​អាស៊ាន​ផងដែរ​។​

​នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃទី​១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក Jusuf Kalla ប្រធាន​អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​(CAPDI) និង​ជា​ប្រធាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​(ACC) និង​ជា​អតីត​អនុ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ។

​នៅក្នុង​ជំនួប​នេះ លោក Jusuf Kalla បាន​អរគុណ​ចំពោះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ផ្ដល់ឱកាស​ឲ្យ​លោក​បាន​ជួប​សម្ដែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច ជាពិសេស​ការចូលរួម​នៅក្នុង​កិច្ចប្រជុំ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃស្អែក​នេះ​។ លោក ផ្ទាល់ បាន​សង្កេតឃើញ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​ន៍​រីកចម្រើន​ទៅមុខ​ជា​លំដាប់ ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ។ លោក ក៏​ធ្លាប់បាន​មកកាន់​ប្រទេស​កម្ពុជា​ផងដែរ​នៅក្នុង​អំឡុងពេល​ដែល​ក​ម្ពុ​ជា​រៀបចំ​ការបោះឆ្នោត​នាពេល​កន្លងមក ដែល​ពេលនោះ​លោក មាន​តួនាទី​ជា​អ្នកសង្កេតការណ៍​បោះឆ្នោត​។

​លោក Jusuf Kalla បាន​កោតសរសើរ​ចំពោះ សម្ដេច​តេ​ជោ ដែល​បាន​ដឹកនាំ​ប្រទេស​មានការ​រីកចម្រើន​ឆាប់រហ័ស ជាពិសេស បច្ចុប្បន្ន​ទីក្រុង​ភ្នំពេញ​មានការ​អភិវឌ្ឍ​រីកចម្រើន​ដោយ​ឃើញ​មាន​អាគារ​ខ្ពស់ៗ ជាមួយនឹង​សំណង់​ថ្មីៗ និង​សណ្ឋាគារ​ទំនើបៗ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​ពលរ​ដ្ឋ​រស់នៅ ក៏ដូចជា​ភ្ញៀវទេសចរ និង​វិនិយោគ​គិ​ន​ផងដែរ​។

​លោក Jusuf Kalla បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ថ្ងៃស្អែក​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​ទាំងអស់ ដែល​កន្លងមក​យើង​បាន​កសាង​នូវ​សមិទ្ធផល​ជាមួយគ្នា ដើម្បី​បង្ហាញ​ពិភពលោក​អោយបាន​ឃើញ​ផងដែរ​។ ទន្ទឹមនឹងនេះ លោក Jusuf Kalla បានបង្ហាញ​នូវ​ក្តី​មោទនភាព​ចំពោះ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា និង​ឥណ្ឌូនេស៊ី ដែល​ទំនាក់ទំនង​នេះ​បាន​ពង្រឹង​នូវ​ចំណងមិត្តភាព និង​ផ្ដល់នូវ​ប្រយោជន៍​អោយ​គ្នា​ទៅវិញទៅមក​។

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ​ដល់ លោក Jusuf Kalla អតីត​អនុ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ដែល​បាន​ខិតខំ​ធ្វើដំណើរ និង​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​ដើម្បី​មក​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ​។ សម្ដេច​តេ​ជោ បាន​សម្ដែង​នូវ​ក្តី​រីករាយ​សាទរ​ចំពោះ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​យើង​ទាំងពីរ ដែលមាន​ជាមួយគ្នា​ជា​យូរលង់​ណាស់​មកហើយ​។ សម្ដេច​តេ​ជោ​ក៏បាន​អរគុណ​ដល់​ប្រទេស​ឥណ្ឌូណេស៊ី ដែល​បាន​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដល់​កម្ពុជា ជាពិសេស ទំនាក់ទំនង​ល្អ​ខាង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន សម្ដេច​តេ​ជោ បានចាត់ទុក​ប្រទេស​ឥណ្ឌូនេស៊ី​ជា​ប្រទេស​ធំ​មួយ ជា​ប្រទេស​ដែលមាន​សំឡេង​ខ្លាំង ដែល​បាន​ជួយ​ជំរុញ​ឲ្យ​អាស៊ាន​ទាំងមូល​មាន​ឥទ្ធិពល​ក៏ដូចជា​ការជួយ​ខាង​សេដ្ឋកិច្ច​ដែល​ផ្តល់នូវ​ការរីកចម្រើន​ក្នុង​តំបន់​អាស៊ាន​ផងដែរ​។ សម្តេច​បាន​មានប្រសាសន៍​បន្តថា ទស្សនទាន​របស់​ឥណ្ឌូនេស៊ី ចំពោះ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នោះ បាន​ក្លាយទៅជា​ទស្សនទាន​អាស៊ាន​ទាំងមូល ដែល​សម្ដេច​តេ​ជោ​ផ្ទាល់​បាន​គាំទ្រ​នូវ​ទស្សនទាន​នោះ​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​អំពី​ដំណើរ​អញ្ជើញ​ទៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​១៦​កន្លងទៅ ដើម្បី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចំនួន​៣៤ ខ្សែ​ក្នុង​ក្រុងព្រះសីហនុ​នោះ ដែល​ចំណាយ​ថវិកាជាតិ​រហូតដល់​ទៅជិត​៣០០​លាន​ដុល្លារ ដើម្បី​ជំរុញ​ក្រុងព្រះសីហនុ​អោយក្លាយ​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​ដែល​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ផង និង​ជួយ​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរ​ដ្ធ​អោយ​កាន់តែ​ធូរធារ​។ ក្រុងព្រះសីហនុ​នឹង​អាចមាន​ការរីកចម្រើន​ជាង​ក្រុងភ្នំពេញ​ទៅទៀត​នាពេល​អាន​គត់​ដ៏​ខ្លី​ខាងមុខ​។

​មុននឹង​បញ្ចប់ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ លោក Jusuf Kalla អតីត​អនុ​ប្រធានា​ធិបតី​ឥណ្ឌូនេស៊ី ដែល​តែងតែ​ផ្ដល់នូវ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​ក្នុង​ស្មារតី​អាស៊ាន ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ផ្ទាល់​ជាមួយ​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​

×