ភ្នំពេញ ៖ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានថ្លែង ថា កម្ពុជាវាយតម្លៃខ្ពស់ទៅលើទំនាក់ទំនង និងកិច្ចសហការកម្ពុជា-ប៉ាគីស្ថាន ដែលមានការវិវត្តទៅមុខកាន់តែល្អប្រសើរលើគ្រប់វិស័យទាំងរាជរដ្ឋាភិបាលកម្ពុជា និងសភាកម្ពុជា។
ការជម្រាបជូនពីភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនេះ បានធ្វើឡើងក្នុងពេល លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋអុីស្លាមប៉ាគីស្ថាន ដឹកនាំដោយលោក Qasim Khan Suri អនុប្រធានរដ្ឋសភា ននៃសាធារណរដ្ឋអុីស្លាមប៉ាគីស្ថាន នា រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
លោកស្រី បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា-ប៉ាគីស្ថាន គួរតែរិះរកបន្ថែមនូវយន្តការ ដើម្បីចំណងទាក់ទងរដ្ឋយើងទាំងពីរឲ្យកាន់ តែរឹងមាំស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ជាពិសេសក្រោមក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវ៉ាត់ (Belt and Road Initiative)។ លោកស្រី បានសម្តែងនូវការចាប់អារម្មណ៍ជាខ្លាំងក្នុងការពង្រឹងចំណងទាក់ទងជាមួយបណ្តាប្រទេសអឺរ៉ាស៊ី ជាពិសេសសហគមន៍សេដ្ឋកិច្ចអឺរ៉ាស៊ី។
លោកស្រី ក៏បានលើកឡើងបន្ថែមថា ពិពិធកម្មសេដ្ឋកិច្ច និងសមាហរណកម្មតំបន់បើកទូលាយ គឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍរាល់គ្រប់សង្គមនាពេលអនាគត។
លោក Qasim Khan Suri អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋអុីស្លាមប៉ាគីស្ថាន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាថា្នក់ដឹកនាំសភាកម្ពុជា ដែលបាន និងកំពុងបន្តគាំទ្រ រួមទាំងជួយជំរុ ញប្រទេសទាំងពីរ ឲ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងលោក Qasim Khan Suri អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋអុីស្លាមប៉ាគីស្ថាន ក៏បានពិភាក្សាគ្នាលើបញ្ហា និងសភាពការណ៍ផ្សេងៗ ជាពិសេសការលើកកម្ពស់វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្ម ដោយភាគីប៉ាគីស្ថានបានស្នើឱ្យមានការជម្រុញភ្ញៀវទេសចរណ៍ពីប្រទេសកម្ពុជាទៅទស្សនាតំបន់ប្រវត្តិសាស្ត្រវប្បធម៌ និងសាសនា ដែលមានជាច្រើនកន្លែង ហើយដែលសំបូរទៅដោយរូបបដិមាព្រះពុទ្ធនៅសាធារណរដ្ឋប៉ាគីស្ថាន។
ជាការលើកឡើងបន្ថែម លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងលោក Qasim Khan Suri អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋអុីស្លាមប៉ាគីស្ថាន មានសុទិដ្ឋិនិយមរួមគ្នាថា ការកើនឡើងនៃការពឹងអាស្រ័យគ្នាទៅវិញទៅមក ការជឿទុកចិត្ត ខាងផ្នែកនយោបាយកាន់តែស៊ីជម្រៅ និងការចែករំលែកនូវទស្សនៈពិភពលោក និងជាវិភាគទានរួមចំណែកដល់សុខសន្តិភាព និងការអភិវឌ្ឍទាំងក្នុងតំបន់ និងសកលលោកជារួម៕ដោយ៖កូឡាប