ភ្នំពេញ៖ ការប្រកួតកីឡាប៉េតង់ពិភពលោកយុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ត្រូវបានប្រកាសបើកពិធីជាផ្លូវការ នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកានេះ ក្រោមវត្តមានលោកស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងជាប្រធានគណៈកម្មការរៀបចំការប្រកួត និងលោក លោក Claude Azema ប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិ(FIPJP) និងក្រុមអត្តពលិកជាតិ និងអន្តរជាតិមកពី៤៩ប្រទេស។
លោក ស សុខា បានថ្លែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ក្នុងនាមក្រុមគ្រួសារពិភពលោកទាំងមូល ដែលបានមកជួបជុំគ្នានៅថ្ងៃនេះ។ នេះជាកិត្តិយសដ៏ធំធេង សម្រាប់ប្រទេសកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះការប្រកួតនេះ ដែលចាប់ពីថ្ងៃទី១៩រហូតដល់ថ្ងៃទី២៣ខែវិច្ឆិកា។ លោកសម្តែងការដឹងគុណចំពោះប្រធានសហព័ន្ធប៉េតង់អន្តរជាតិ (FIPJP) គណៈកម្មាធិការបច្ចេកទេសអន្តរជាតិ និងប្រទេសចំនួន ៤៩ ផ្សេងទៀតដែលបានផ្តល់ឱ្យយើងនូវឱកាស និងភាពជឿជាក់លើពួកយើង ដើម្បីធ្វើជាម្ចាស់ផ្ទះដល់អ្នកទាំងអស់គ្នានៅទីនេះក្នុងប្រទេសកម្ពុជា។ យើងនឹងមិនដែលភ្លេចការគាំទ្រពីសហម្ចាស់ផ្ទះរដ្ឋាភិបាលរបស់យើងជាមួយក្រសួងអប់រំ យុវជន និងកីឡាដែលដឹកនាំ ដោយឯកឧត្តមរដ្ឋមន្ត្រីហង់ជួន ណារ៉ុន រួមជាមួយការគាំទ្រផ្នែកហិរញ្ញវត្ថុពីម្ចាស់ឧបត្ថម្ភរបសខ្លួន។
«ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូគ្រូបង្វឹក និងកីឡាករទាំងអស់ ដែលមកពី៤៩ ប្រទេស (៨០ក្រុម) មកផ្ទះរបស់យើង។ នេះគឺជាកំណត់ត្រាថ្មីមួយ ដែលបង្ហាញពីការរីកចម្រើនជាវិជ្ជមាននៃល្បែងប៉េតង់នៅកម្ពុជាលើឆាកអន្តរជាតិ ដោយកម្ពុជាក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយឈរលើមូលដ្ឋានសន្តិភាពស្ថិរភាពនយោបាយ និងវឌ្ឍនភាពលើគ្រប់វិស័យរបស់រដ្ឋាភិបាល»។
លោកសុខ សប្បាយណា អគ្គលេខាការ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងជាគណៈកម្មការប្រតិបត្តិការរៀបចំប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ត្រីលើកទី១៧នេះបានអនុវត្តការងារនេះអស់រយៈពេលប្រមាណ៨ខែ កន្លងមក ដោយបានសិក្សាពីទីតាំង ការរចនា ការកែសម្រួលហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួត ការហ្វឹកហាត់ចំពោះគណៈកម្មការបច្ចេកទេស កីឡាករ និងកីឡាការិនី ដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកនាពេលនេះ និងដំណើរឆ្ពោះទៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។
ជើងឯកពិភពលោកយុវជន និងស្ត្រី លើកទី១៧នេះ ត្រូវបានចែកចេញជា៦វិញ្ញាសា រួមមាន៖ វិញ្ញាសាយុវជន (វាយយកពិន្ទុ និង៣ទល់៣) វិញ្ញាសាស្ត្រី (វាយយកពិន្ទុ និង៣ទល់៣) វិញ្ញាសា សមាគម (៣ទល់៣យុវជន និង៣ទល់៣ស្ត្រី) ដែលទទួលបានការចូលរួមចំនួន ៤៩ប្រទេស ៨០ក្រុម ស្មើនឹង៤៤៩នាក់ និងអ្នកគាំទ្រអន្តរជាតិ ចំនួន ៧៩នាក់ សរុប ៥២៨នាក់៕ដោយ៖កូឡាប