ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅសង្កាត់ទន្លេបាសាក់ បានប្តឹងក្រុមហ៊ុនការដ្ឋានសំណង់ ឆាយណាខន់ស្ត្រាក់សិន ដែលធ្វើសកម្មភាពប៉ះពាល់ការរស់នៅប្រចាំថ្ងៃ និងបង្កឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។ ករណី នេះ គណ:បញ្ជាការឯកភាពខណ្ឌចំការមន កំពុងសិក្សាដើម្បីរកដំណោះស្រាយ និង ផ្សះផ្សាគ្នា ។ ក្រោយពីបានពិភាក្សាជាមួយតំណាងក្រុមហ៊ុនសាសង់ ដើម្បីសិក្សាពីការបាក់ រឺប្រេះស្រាំតំណាងក្រុមហ៊ុន ឯកភាពអោយរកក្រុមវិស្វករអាជីព រឺ ក្រុមហ៊ុនបច្ចកទេស ដើម្បីមកសិក្សាពីការ បាក់ ព្រុំប្រក់ដំបូលក្បឿង រឺការប្រេះស្រាំ នេះ។
រដ្ឋបាលខណ្ឌចំការមន នៅរសៀលថ្ងៃទី២៦វិច្ឆិកា បានឲ្យដឹងថា ក្នុងនាមគណ:បញ្ជាការឯកភាពខណ្ឌចំការមន សូមជម្រាបជូនដល់បងប្អូនសាធារណ:ជន ជាពិសេសបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិ១២ ច្រកផ្លូវព្រះម្នីវង្ស (៩៣) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បន្ទាប់ពីទទួលបណ្តឹងតាមទូរសព្ទ័ ពីបងប្អូនប្រជាពលរដ្ឋស្តីពី កាប៉ះពាល់នៃការដ្ឋានរបស់ក្រុមហ៊ុន(ឆាយណាខន់ស្ត្រាក់សិន) ដល់ផ្ទះអ្នករស់នៅជិតខាង នៅរសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានដឹកនាំក្រុមការងារចុះពិនិត្យដល់កាដ្ឋានសំណង់ឃើញថា ៖
១ / ការបាក់ ព្រុំ ប្រក់ដំបូលក្បឿង ធ្លាក់មកលើដំបូលបន្ទប់ទឹក គឺជា ព្រុំ ផ្ទះចាស់ ដោយពុំមាន សម្ភារៈសាងសង់ណាធ្លាក់មកលើនោះទេ ។
២ / ក្រោយពីបានពិភាក្សាជាមួយតំណាងក្រុមហ៊ុនសាសង់ ដើម្បីសិក្សាពីការបាក់ រឺប្រេះស្រាំតំណាងក្រុមហ៊ុន ឯកភាពអោយរកក្រុមវិស្វករអាជីព រឺ ក្រុមហ៊ុនបច្ចកទេស ដើម្បីមកសិក្សាពីការ បាក់ ព្រុំប្រក់ដំបូលក្បឿង រឺការប្រេះស្រាំនេះ។
៣ / រដ្ឋបាលខណ្ឌចំការមនកំពុងសិក្សាដើម្បីរកដំណោះស្រាយ និង ផ្សះផ្សាគ្នា ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិ១២ ផ្លូវច្រក៩៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានធ្វើពាក្យបណ្តឹងរួមគ្នា ប្តឹងក្រុមហ៊ុនការដ្ឋានសំណង់ចិនមួយកន្លែង ដែលធ្វើសកម្មភាពបង្កឲ្យផលប៉ះពាល់ ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
បើយោងតាមពាក្យបណ្តឹងទទួលបាននៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដែលផ្ញើជូនទៅអភិបាលខណ្ឌចំការមន បានបញ្ជាក់យ៉ាងដូច្នេះថា សុំប្តឹងក្រុមហ៊ុនឆាយណាខន់ស្ត្រាក់សិន គ្រឹះស្ថានទី១ ពីបទបង្កឲ្យខូចខាតទ្រព្យសសម្បត្តិរំខាន ប៉ះពាល់សុខភាព និងធ្វើឲ្យមានការភ័យខ្លាចដល់ការរស់នៅប្រចាំថ្ងៃ។
យោងតាមពាក្យបណ្តឹងដដែលនេះ បានឲ្យដឹងបន្តថា នៅដើមឆ្នាំ២០១៩នេះ មានក្រុមហ៊ុនឆាយណាខន់ស្ត្រាក់សិនគ្រឹះស្ថានទី១ បានបើកការដ្ឋានសំណង់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ជាប់របងផ្ទះប្រជាពលរដ្ឋដើមបណ្តឹង និងបានបង្កឲ្យការរញ្ជួយរង្គើផ្ទះ ស្រុតប្រេះជញ្ជាំង សំឡេងរំខាន២៤ម៉ោង សាចកម្ទេចថ្ម សាចផ្កាភ្លើង ជះក្លិនឈ្ងៀម ស្រក់ទឹកស៉ីម៉ង់ត៍លើទ្រព្យសម្បតិ្ត ដំបូលផ្ទះ និងធ្វើឲ្យមានការភ័យខ្លាច ពីសុវត្ថិភាព ការរស់នៅប្រចាំថ្ងៃ ដោយដែកយោងសម្ភារការដ្ឋានសំណង់ វិលនៅលើដំបូលផ្ទះពួកគាត់ ជាប្រចាំរាល់ពេលសាងសង់៕ ដោយ៖បញ្ញាស័ក្តិ